រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជំរុញឲ្យធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា គិតគូរធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើ សុំការផ្តល់​សេវាភ្ជាប់ចរន្ត ការផ្តល់ព័ត៌មាន ការផ្តល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនង ឲ្យអាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាព ដល់អ្នកប្រើ​ប្រាស់ទូទាំងប្រទេស។ ការជំរុញនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ទៀតថា«យើងចង់បានឆ្នាំ២០២៥នេះ ជាឆ្នាំដែលសេវាផ្តត់ផ្គង់អគ្គិសនី ត្រូវធ្វើប្រតិបត្តិការលើ App ទាំងអស់ សូមឱ្យការបង់ថវិកាពីអតិថិជន គឺមានភាគរយមិនលើសពី៥ភាគរយ ដែលបង់ថវិកាដោយផ្ទាល់ ទៅទីតាំងបញ្ជរបង់ប្រាក់ សូមឱ្យ៩៥ភាគរយ ត្រូវតែបង់ថវិកាតាមប្រព័ន្ធធនាគារទាំងអស់ នេះជាផែនការ សម្រាប់ឆ្នាំ២០២៥»។

ក្នុងន័យនេះ ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាការបម្រើសេវា នៅក្នុងវិស័យថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកអនុវត្ត និងឆ្លើយទបទៅនឹងនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានកំណត់យក«បច្ចេកវិទ្យា»ជាមុំទី៥ បន្ថែមពីលើមុំទាំង៤ ដែលមានស្រាប់ រួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង” ដើម្បីជំរុញសន្ទុះ​នៃកំណើន​សេដ្ឋកិច្ច​ជាតិ និងកសាងមូល​ដ្ឋានគ្រឹះដ៏រឹងមាំស​ម្រាប់កម្ពុជា។

គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្កើត EAC-App សម្រាប់អ្នកប្រើប្រាស់អគ្គិសនីនៅក្នុងតំបន់ផ្គត់ផ្គង់ របស់អ្នកផ្គត់ផ្គង់ឯកជនប្រើ ។ មកដល់ពេលនេះ EAC-App ត្រូវបានបន្ថែមមុខងារប្រើប្រាស់ជាបន្តបន្ទាប់ ហើយមុខងារសំខាន់ដែលត្រូវបន្ថែមក្នុងឆ្នាំ២០២៥ គឺមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្នើសុំ បន្តចរន្ត និងបន្ថែមកម្លាំងប្រើប្រាស់បាន៕

អត្ថបទ៖ ពុទ្ធិកា