អភិបាលរាជធានីភ្នំពេញ កោតសរសើរនិងអរគុណ ចំពោះម្ចាស់ផ្ទះនិងអាជីវករ ដែលរួម​សហការ​ធ្វើ​ឲ្យ​«ផ្លូវថ្មើជើង»លេច​រូប​រាង​ឡើង

រាជធានីភ្នំពេញ បានបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ បានដាក់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវថ្មើរជើង (walk street) គឺបើកចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ ។

នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នៃការសាកល្បងថ្ងៃដំបូង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញមោទនភាព និងថ្លែងការអរគុណចំពោះប្រជាពលរដ្ឋ ពិសេសអ្នកដែលមានលំនៅដ្ឋាន នៅតាមតម្រាយផ្លូវថ្មើជើងនេះ ដែលបានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ។

ឯកឧត្តម ឃួង ស្រេង ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកម្សាន្តនៅទីនេះ អាជ្ញាធរក៏មានគម្រោងដែរ ដូចជាទីតាំងស្តង់ម្ហូបអាហារ កន្លែងប្រគំតន្ត្រីសម័យ បុរាណ ទីតាំងគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុក។

ជាមួយនឹងការបើកសាកល្បងផ្លូវថ្មើរជើង (walk street)នេះ​ ឯកឧត្ដមឃួង ស្រេង ក៏បានបង្ហើបថា អាជ្ញាធររាជធានីភ្នំពេញ ក៏កំពង់ត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់​ដ៏ល្អមួយ ដើម្បីបង្កើតជាជម្រើសឲ្យប្រជាពលរដ្ឋអាចទៅដើរលេងកម្សាន្តនៅក្នុងទីតាំងនោះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងមកដើរកម្សាន្តនៅផ្លូវថ្មើរជើង សូមប្រើប្រាស់មធ្យោបាយសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរ បានដាក់ឲ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ ។ ផ្លូវថ្មើរជើងនេះ ត្រូវអនុវត្តន៍មួយសប្ដាហ៍២ថ្ងៃ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕

អត្ថបទ៖ ពុទ្ធិកា