សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា ផ្លូវជាតិលេខ២៣ នឹងជួយជំរុញសេដ្ឋកិច្ចនិងជីវភាពអ្នកស្រុកកោះធំ និងស្រុកលើកដែក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានបង្ហាញក្តីរំពឹងថា ផ្លូវជាតិលេខ២៣ ដែលជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត។

ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ៖«កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)បានស្ថាបនាជិតរួចរាល់ ដែលជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។ តាមផែនការគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ដោយឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ, ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC, ការរចនាចិញ្ចើមផ្លូវ, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ, ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ រាជរដ្ឋាភិបាល បាននិងកំពុងលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

អត្ថបទ៖ ពុទ្ធិកា ,រូបភាព៖ ផេកនាយករដ្ឋមន្ត្រី