ភ្នំពេញ នឹងមានផ្លូវ​ថ្មើរជើង ដូចគ្នានឹងផ្លូវនៅតំ​បន់ផាប់ស្រ្ទីត ក្នុងខេត្ត​សៀម​រាប

រាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការសាកល្បងផ្លូវ​ថ្មើរជើង (Walk Street) តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។  ផ្លូវ​ថ្មើរជើងនេះ នឹងដំណើរ​ការ​មួយ​សប្ដាហ៍​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។​

ក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​បើក​ដំណើរ​សាកល្បង​នៃ​គម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ តាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ​ (​ ចាប់ពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ ពីផ្លូវ​លេខ៩៤​ ដល់​ផ្លូវ​លេខ២៤០ )​ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវថ្មើជើងនេះ គឺអាជ្ញាធរបានគ្រោងអនុវត្តន៍តំាងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារជំងឺកូវីដ១៩ ធ្វើឲ្យគម្រោងមួយនេះ មិនអាចលេចចេញជារូបរាងឡើង។ មកដល់ពេលនេះ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ បានគិតគូជំរុញការងារផ្លូវថ្មើរជើងនេះឲ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា ជាជំហានដំបូង នឹងប្រកា​សបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបជាចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យ បានល្អដែលធានាថា គម្រោងនេះនឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា​ ​ក្រោយ​ពី​បើកដំណើរការសាកល្បង អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការអង្កេត និងដកបទពិសោធន៍ ដើម្បីកែលម្អផ្លូវថ្មើជើង(Walk street) នេះឲ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទ៖ ពុទ្ធិកា