ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញវិនិយោគមកខេត្តកំពង់ស្ពឺ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ ក្នុងគោលដៅបំពេញតួនាទីភារកិច្ច ដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋ បានគាប់ប្រសើរ និងកាន់តែប្រសើរ។
បន្ថែមលើការបំពេញតួនាទីភារកិច្ច ដើម្បីផ្តល់បម្រើប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា សារៈសំខាន់មួយទៀតនូវក្នុងការសហការគ្នា នោះគឺ ការបង្កបរិយាកាស ដើម្បីទាក់ទាញអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពង់ស្ពឺ។
ឯកឧត្តមលើកឡើងបែបនេះ ដោយផ្តល់ឧទាហរណ៍ មួយចំនួនតាមរយៈការផ្សព្វផ្សាយនូវសក្តានុពលនៃទីតាំងភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺ ការរៀបចំធនធាមនុស្សប្រកបដោយជំនាញ វិជ្ជាជីវៈ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ ព្រមទាំងការរៀបចំនូវប្រព័ន្ធសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល ឆាប់រហ័ស ដើម្បីសម្រួលឱ្យអ្នកវិនិយោគទាំងអស់ អាចមានលទ្ធភាពកាន់តែច្រើនក្នុងការមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ៕


