សមាគមអតីតអ្នកបួសខ្មែរ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនតាំងខ្លួនជាសាស្តា ដែលបានបកស្រាយព្រះធម៌ មានចំណុចខ្លះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាខ្មែរ ដែលការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមអតីតអ្នកបួសខ្មែរ នៅថ្ងៃទី២៨ ខែមករានេះ បានបញ្ជាក់ថា ការពន្យល់នោះ បានប្រាសចាកពីខ្លឹមសារ ដើមនៃព្រះពុទ្ធវចនៈ និយាយបំភាន់ជំនឿខ្មែរ និងប៉ះពាល់ដល់ការប្រតិបត្តិរបស់ព្រះសង្ឃខ្មែរ។ បុគ្គលតាំងខ្លួនជាសាស្តា សក្ខី ភគវន្ត រូបនេះបានពោលថា៖១. ព្រះត្រៃបិដក គឺជាព្រះត្រៃបិដកមិនគ្រប់ទឹក២. ការបួសជាព្រះសង្ឃ គឺជាការដាក់បន្ទុកដល់ពុទ្ធបរិស័ទ និងសង្គម៣. ចេតនាក្នុងការបង្កើតនិកាយព្រះពុទ្ធសាសនាថ្មី (ក្រុមអ្នកបួសតែចិត្ត ដោយប្រើចំណែក ណាមួយនៃត្រៃចីវរដើម្បីសម្គាល់ថាជាអ្នកបួសក្នុងក្រុមខ្លួន)នៅកម្ពុជា។ ទង្វើបែបនេះ សមាគមអតីតអ្នកបួសខ្មែរ មិនអាចទទួលយកបានឡើយ និងសូមថ្កោលទោស យ៉ាងដាច់អហង្ការដោយមិនអាចលើកលែងបានឡើយ។
ទន្ទឹមនឹងនេះ សមាគមអតីតអ្នកបួសខ្មែរ ស្នើសុំដល់ក្រសួងធម្មការ និងសាសនា គណៈសង្ឃនាយកទាំងពីរគណៈ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ព្រះមេត្តា និងមេត្តាចាត់វិធានការផ្លូវច្បាប់លើបុគ្គលតាំងខ្លួនជាសាស្តា ដើម្បីទប់ស្កាត់នូវរាល់សកម្មភាពទាំងឡាយណា ដែលជាចេតនាទុច្ចរិត បំភ្លៃព្រះពុទ្ធវចនៈ បំផ្លាញព្រះពុទ្ធសាសនា និងមាក់ងាយដល់ព្រះសង្ឃខ្មែរ ដែលអាចបង្កជាការបែកបាក់ និងវិបត្តិក្នុងសង្គមជាតិខ្មែរ។
សមាគមអតីតអ្នកបួសខ្មែរ សង្ឃឹមយ៉ាងមុតមាំថា ក្រសួងធម្មការនិងសាសនា គណៈសង្ឃនាយក ទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គល និងសមាគមខាងលើ ជាក់ជាពុំខាន៕
