សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធ ធ្វើការលើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់របស់កម្ពុជា ជាពិសេស ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត្រ។ ការជំរុញបែបនេះ បានធ្វើឡើងនៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និង ឯកជន (PPP) ដែលមានការចូលរួមពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ជំរុញឲ្យមានការសហការជាមួយភាគីថៃ ដើម្បីជំរុញកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់សា្ថនីយរថភ្លើងអន្តរជាតិថ្មីនៅស្ទឹងបត់ ជំនួសស្ថានីយ៍នៅប៉ោយប៉ែត។ ជាពិសេស ពិនិត្យមើលលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលត្រូវតភ្ជាប់ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសជាមួយប្រព័ន្ធផ្លូវដែកដែលមានស្រាប់។

គួរបញ្ជាក់ថា ផ្លូវដែកដែលមានស្រាប់នៅកម្ពុជាមានចំនួន២ ខ្សែ គឺខ្សែភាគខាងត្បូង និងខ្សែភាគខាងជើង ដែលមានប្រវែងសរុបប្រហែល ៦៥២ គីឡូម៉ែត្រ។ ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត មានប្រវែងសរុប ៣៨៦ គីឡូម៉ែត្រ និងខ្សែផ្លូវភាគខាងត្បូងតភ្ជាប់ពីរាជធានី ភ្នំពេញទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ។
ក្នុងឆ្នាំ២០២៤ សេវាដឹកជញ្ជូនផ្លូវដែក បានផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកទាំងពីរទិសនូវទំនិញប្រមាណជាង ១លានតោន និង អ្នកដំណើរប្រមាណជាង ១០ម៉ឺននាក់៕
អត្ថបទ៖ ពុទ្ធិកា
