បំភ្លឺ៖ វិទ្យុអាស៊ីសេរី មាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១

មណ្ឌលអប់រំកែប្រែទី១ ចេញលិខិតបំភ្លឺ ឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ របស់វិទ្យុអាស៊ីសេរី ស្តីពីការលើកឡើង ដោយភរិយារបស់ជនជាប់ឃុំឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មុនឃាត់ខ្លួន ជាអ្នកកាប់គោលក់ ដែលត្រូវបានដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម”។

មណ្ឌលអប់រំ កែប្រែទី១ បំភ្លឺថា ជនជាប់ឃុំខាងលើកំពុងស្ថិតក្នុងនីតិវិធីតុលាការដែលជាប្រភេទជនជាប់ឃុំមានចំណាត់ថ្នាក់សន្តិសុខកម្រិតខ្ពស់-គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ ឈ្មោះ សាន សិទ្ធ ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ បានរយៈ ពេលជិត ៦ខែ តែមានការអនុញ្ញាតឲ្យជួបគ្រួសារសរុបចំនួន ២២លើក ដូច្នេះជាមធ្យម មណ្ឌលអនុញ្ញាតឲ្យជួបបាន ១ដង ក្នុង១សប្តាហ៍ គឺស្របតាមចំនួនកំណត់ដូចជនជាប់ឃុំទូទៅ។

ចំពោះការទាមទារឲ្យយកបញ្ញើចូលពីខាងក្រៅតាមអំពើចិត្តជាទង្វើបំពានគោលការណ៍ សន្តិសុខ សណ្តាប់ធ្នាប់និងអនាម័យ ដែលមណ្ឌលបានដាក់ចេញ។ ក្រៅពីអនុញ្ញាតឲ្យជួបគ្រួសារ និងបញ្ញើតាមគោលការណ៍កំណត់ដោយច្បាប់ និងបទបញ្ជាផ្ទៃក្នុង មណ្ឌលក៏ពុំបាន បំពានសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ពីជនជាប់ឃុំនោះដែរ ជាក់ស្ដែងរូបគាត់មានមេធាវីការពារក្ដីដល់ទៅបីនាក់។

មណ្ឌលអប់រំកែប្រែទី១ បានបញ្ជក់ថា បន្ទាប់ពីបានសួរនាំសាម៉ីខ្លួន និងសាកសួរយ៉ាងល្អិតល្អន់ជាមួយមន្ត្រីអនុរក្សមណ្ឌលយល់ឃើញថា ការលើកឡើង ដោយស្ត្រីជាភរិយារបស់ជនជាប់ឃុំឈ្មោះ សាន សិទ្ធ និងការបន្ថែមល្បាយពីអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលកំពុងទទួលប្រាក់ខែពីបរទេស មានចេតនាលាបពណ៌ បំភ្លៃការពិតទាំងស្រុង ក្នុងចេតនាវាយប្រហារប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ នៅកម្ពុជា ដើម្បីចំណេញហេតុផលនយោបាយជ្រុលនិយមរបស់ខ្លួនតែប៉ុណ្ណោះ។

សេចក្តីបំភ្លឺដដែលបានបញ្ជក់ថា សកម្មភាពបំភ្លៃការពិត ផលិតព័ត៌មានក្លែងក្លាយរបស់វិទ្យុអាស៊ីសេរី ជាការមាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិច្ច ខិតខំប្រឹងប្រែងរបស់មន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១. ដែលកំពុងខិតខំពង្រឹងតួនាទីជាមណ្ឌលអប់រំកែប សម្រាប់បងប្អូនទណ្ឌិតដែលប្តេជ្ញាកែខ្លួនជាពលរដ្ឋល្អ។ ទង្វើញុះញង់នោះទៀតសោតក៏មិនបានជួយអ្វីដល់សកម្មជន នយោបាយ ដែលកំពុងទទួលរងទណ្ឌកម្មច្បាប់នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រៅពីបោកបញ្ឆោតពួកគេធ្វើជាឈ្នាន់នយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ៕