ស្ងាត់រឿងរៀបការ ឌួង ហ្សូរីដា មិនខ្មាស់គេក្នុងការប្រកាសបង្ហាញវីឡាធំស្កឹមស្កៃដោយបង់រំលោះ !

ស្ងាត់រឿងរៀបការ ពិធីការិនី និងជាអតីតារាសម្តែងល្បីឈ្មោះមួយរួបកញ្ញា ឌួង ហ្សូរីដា ស្រាប់តែបើកបង្ហាញនូវវីឡាធំស្កឹមស្កៃនៅក្នុងបុរីមេគង្គឡែនដោយបង់រំលោះ មិនខ្មាស់ញាតិមិត្តសើចចំអកឡើយ ។ 

តាមរយៈវិដេអូដែល ឌួង ហ្សូរីដា បង្ហាញនេះ គឺជាផ្ទះវីឡាធំស្កឹមស្កៃដែលជាក្តីស្រមៃធំរបស់ម្តាយនាងកាលនៅរស់ប្រាថ្នាចង់រស់នៅ ប៉ុន្តែគួរឱ្យស្តាយម្តាយរបស់នាងបានចាកចោលទៅឆ្ងាយគ្មានថ្ងៃវិលត្រឡប់ មិនបានឃើញសមិទ្ធផលនេះទេ ដោយសារកាលនោះនាងមិនទាន់មានលទ្ធភាពទិញ ។ 

ដោយឡែកបើកទំព័រដើមឆ្នាំ២០២៥ ស្រាប់តែ ឌួង ហ្សូរីដា បានបើកបង្ហាញនូវវីឡាធំស្កឹមស្កៃក្នុងក្តីស្រមៃខ្លួនឱ្យមហាជនបានឃើញ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ឌួង ហ្សូរីដា បានប្រកាសក្តែងៗថា សមាជិកថ្មីរបស់ខ្លួននេះគឺនាងបង់រំលោះគេប៉ុណ្ណោះ នាងមិនមានសមត្ថភាពយកលុយសុទ្ធទៅទិញឡើយ ហើយនាងក៏មិនខ្លាចញាតិមិត្តសើចចំអកដែរនៅពេលដែលប្រកាសប្រាប់ថា ខ្លួនទិញផ្ទះធំដោយបង់រំលោះបែបនេះ ។ 

ថ្វីដ្បិតតែបើកបង្ហាញផ្ទះធំទ្រនំខ្ពស់ឱ្យមហាជនបានឃើញ ឌួង ហ្សូរីដា នៅពុំទាន់រៀបចំពិធីឡើងកេហដ្ឋានថ្មីដោយអញ្ជើញមិត្តសិល្បករចូលរួមអបអរសាទរនៅឡើយទេ ដោយសារតែរៀបចំមិនទាន់រួចរាល់ ។ ផ្ទះធំនេះគឺនាងទិញដើម្បីរស់នៅជាមួយបងប្អូនស្រីទាំង៣នាក់របស់ខ្លួន ដែលបានតស៊ូប្រឹងប្រែងរកស៊ីមិនដែលឈប់សម្រាក ។ 

មកទល់ពេលនេះ ឌួង ហ្សូរីដា មានមុខជំនួញជាច្រើននៅក្នុងដៃ ទាំង ហាងកាត់ដេរសម្លៀកបំពាក់ ហាងថែរក្សាសម្រស់ ហាងកាហ្វេជាច្រើនកន្លែង ។ ក្នុងមួយខែៗនាងទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ។ 

ឌួង ហ្សូរីដា ថែមទាំងបាននិយាយទៀតថា ដោយសារតែមុខជំនួញទាំងនេះហើយ ទើបធ្វើឱ្យនាងអាចទិញផ្ទះធំទ្រនំខ្ពស់បំពេញក្តីស្រមៃខ្លួន ។ 

ចំពោះរឿងរៀបការទោះមានវ័យ៤០ឆ្នាំផ្លាយក្តី ឌួង ហ្សូរីដា នៅតែជ្រើសរើសការរស់នៅម្នាក់ឯង មិនទាន់រៀបការមានគូស្រករនៅឡើយទេ នាងថា ជីវិតរស់នៅម្នាក់ឯងស្រួលជាងមានដៃគូ ៕