សម្តេចតេជោ ហ៊ុន សែន៖ សម្តេច ស ខេង ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងបានកសាងសមិទ្ធផលសង្គមជាច្រើន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្តេច ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលបានខិតខំប្រឹងប្រែងតស៊ូព្យាយាម អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គ និងការលំបាកជាច្រើន ក្នុងការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនជាតិ និង ប្រជាជន និងបានកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ»។

សម្ដេច ស ខេង កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥១ នៅភូមិអណ្តូងស្អាត ឃុំក្របៅ ខេត្តព្រៃវែង។ សម្ដេច​មានភរិយាឈ្មោះ លោកជំទាវ ញ៉ែម សាខន និងមានបុត្រ​ចំនួន ៣នាក់ (ស្រីម្នាក់) គឺឯកឧត្តម ស សុខា បច្ចុប្បន្នជាស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ចំណែក​កូនស្រីបង្កើតទី២ គឺលោកស្រី ស ស៊ីណា ជាភរិយាឯកឧត្តម ស ថេត នាយឧត្តមសេនីយ៍ផ្កាយ៤ កំពុងកាន់តំណែងអគ្គស្នងការនគរបាលជាតិ។

សម្តេចក្រឡាហោម ស ខេង ដែលមានតួនាទីជាអតីតថ្នាក់​ដឹកនាំ​នៅ​ក្រសួង​មហាផ្ទៃ និងជា​ឥស្សរជន​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាសមាជិក​រដ្ឋសភា​និង​ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​បាត់ដំបង៕

អត្ថបទ៖ អក្ខរា