ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករាកើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន។»

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើងមានអ្វីៗដូចបច្ចុប្បន្ននេះ។ ថ្ងៃ ៧ មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ។

គួរបញ្ជាក់ថា ទិវាជ័យជម្នះ៧មករា គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា លើបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ៧ មករា ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ នឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។

នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមីទ្ទិញប្រារព្ធខួបលើកទី៤៦ “ទិវាជ័យជម្នះ ៧មករា” នៅទីធ្លាបរិវេណទល់មុខ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយអ្នកគ្រោងចូលរួមប្រមាណជាង២ម៉ឺនផងដែរ៕

អត្ថបទ៖ ពុទ្ធិកា