បក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីបេក្ខជន​ឈរឈ្មោះ​បោះឆ្នោត

គណបក្សនយោបាយចំនួន៧ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចទទួលស្គាល់​ជាផ្លូវការលើ​ពាក្យ​សុំចុះ​បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​​រាស្រ្តនី​តិកាលទី៧ ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បាន​​បើកកិ​ច្ច​​ប្រជុំពិនិត្យ​​និង​សម្រេច​លើពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ ចំនួន៨គណបក្ស សម្រាប់​ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧  ​ ក្រោម​អធិប​តីភាពរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិកា​រជាតិ​រៀបចំការបោះឆ្នោត ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសាររបស់គណបក្សនយោបាយ ម្តងមួយៗរួចមក អង្គប្រជុំ គ.ជប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីគណបក្ស នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និងបញ្ជីបេក្ខជនឈរ​ឈ្មោះ​ចំនួន ៧គណបក្ស ។

គណបក្សទាំង៧ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្ស​ធម្មាធិប​​តេ​​យ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរ​តែមួយ ។ ដោយឡែក គណបក្សខ្មែរ​​អភិ​រក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ តាមនីតិវិធីតម្រូវឱ្យ​គណបក្ស​បំពេញបន្ថែម​តាមកំណត់នៃច្បាប់។

គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្ស នយោបាយ​​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕