លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន។ ការបង្ហាញបំណងរបស់លោក ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញការ USDA-APHIS ដឹកនាំដោយលោក John Hurley កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងជំនួបនោះ លោក ងិន ឆាយ បានលើកឡើងថា ប្រទេសកម្ពុជាមានផលិតផលកសិកម្មដែលមាន សក្តានុពល និងមុខដំណាំជាអាទិភាព ដែលកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសរួមមានជាអាទិ៍ អង្ករប្រណិត ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទី ផ្លែមៀនស្រស់ ផ្លែចេកអំបូងលឿង និងម្រេចជាដើម។
លោក បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់ក្នុងប្រទេសកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងស្នើឱ្យមានផលិតផលកសិកម្មកម្ពុជា ជាពិសេសផ្លែឈើស្រស់នៅលើទីផ្សារសហរដ្ឋអាមេរិកកាន់តែច្រើនមុខបន្ថែមទៀត និងជួយបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីជំរុញការប្រើប្រាស់ Biological Control Agent (BCA) ក្នុងការងារការពារដំណាំ ព្រមទាំងជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលវែងនៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង Post-Harvest Plant Quarantine Treatment Research for Market Access,Fruit FlyManagement ផងដែរ។
ជាការឆ្លើយតប លោក John Hurley បានបង្ហាញពីដំណើរការនៃ ការចរចាបើកទីផ្សារ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិក ព្រមទាំងបានបង្ហាញការគាំទ្រ និងប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីជម្រុញការងារចរចារបើកទីផ្សារនាំចេញផ្លែស្វាយពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកាន់តែឆាប់រហ័ស។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសប្រមាណ ១៦ម៉ឺន២ពាន់តោន មានការថយចុះ ៣៣% បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក ការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក្នុងខែមករា ២០២៣នេះ បានប្រមាណ ១១,៨៧១ តោន ក្នុងទំហំទឹកប្រាក់ជាង ២,៣ លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំស្វាយស្រស់ទៅប្រទេសវៀតណាមចំនួន ៩,៥៤៣ តោន, ថៃចំនួន ២,៣២២ តោន និងកូរ៉េចំនួន ៥,៧៦ តោន ផងដែរ។
បើតាម អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ ធ្លាប់បានឱ្យដឹងថា ចាប់ពីខែមីនា ឆ្នាំ២០២៣ ទៅ ការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយពីកម្ពុជាទៅក្រៅប្រទេសនឹងមានកំណើនជាងនេះព្រោះវាជារដូវកាលប្រមូលទិន្នផលស្វាយ៕