ទេព បូព្រឹក្ស ប្រកាសសុំកូនស្រីពី ជី ដេវីត ក្នុងថ្ងៃកំណើតវ័យ ៣១ឆ្នាំធ្វើឱ្យខាងប្រុសអៀននិយាយលែងចេញ !

ក្នុងថ្ងៃកំណើតវ័យ៣១ឆ្នាំរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានសុំលោក ជី ដេវីត ជាស្វាមី ថា ចង់បានកូនស្រីម្នាក់ជាងរៀបចំពិធីមង្គលការ ។ 

តារាចម្រៀង ទេព បូព្រឹក្ស បានរៀបចំពិធីខួបកំណើតរបស់ខ្លួនយ៉ាងធំដុំនៅក្នុងឆ្នាំនេះដោយបានអញ្ជើញមិត្តសិល្បករ និងញាតិមិត្តជាច្រើនចូលរួមអបអរសាទរ ។ នាថ្ងៃនោះ ទេព បូព្រឹក្ស រំភើបចិត្តជាខ្លាំងនៅពេលដែលលោក ជី ដេវីត បានរៀបចំកម្មវិធីពិសេសៗសម្រាប់នាង ។ មហាជនជាច្រើនគិតថា ទេព បូព្រឹក្ស ច្បាស់ជាទទួលបានកាដូពិសេស និងមានតម្លៃជាច្រើនពីលោក ជី ដេវីត ជាពិសេស គឺលោក ជី ដេវីត អាចនឹងសុំ ទេព បូព្រឹក្ស រៀបការជាសាធារណៈតែម្តង ។ 

អ្វីដែលហួសចិត្តនោះគឺលោក ជី ដេវីត មិនមានកាដូភ្ញាក់ផ្អើល ឬ សុំ ទេព បូព្រឹក្ស រៀបការឡើយ ផ្ទុយទៅវិញ ទេព បូព្រឹក្ស បែរសុំកូនស្រីពីលោក ជី ដេវីត នៅក្នុងថ្ងៃខួបវ័យ៣១ឆ្នាំរបស់ខ្លួនទៅវិញ រឿងនេះធ្វើឱ្យអ្នកចូលរួមផ្ទុះសំណើច និង ហួសចិត្តជាខ្លាំង ។

ក្រឡេកមកមើលតារាចម្រៀងរ៉េប លោក ជី ដេវីត វិញ នៅពេលដែល ទេព បូព្រឹក្ស និយាយសុំកូនស្រីបែបនេះ លោកនិយាយលែងចេញ អៀនឡើងមុខក្រហមនៅចំណោមមិត្តភក្តិ និងភ្ញៀវកិត្តិយស ។ តែទោះជាយ៉ាងណាលោក ជី ដេវីត នឹងបំពេញបំណងភរិយារបស់ខ្លួនក្នុងពេលឆាប់ៗ ។ 

ទន្ទឹមនិងគម្រោងយកកូនស្រីនេះ ទេព បូព្រឹក្ស រំងាប់ចិត្តរឿងរៀបការ ហើយនាងក៏មិនចាប់អារម្មណ៍ក្នុងការរៀបចំពិធីមង្គលការដែរ ដោយទុកពេលវេលាដើម្បីយកកូនស្រីតាមបំណងប្រាថ្នាសិន ។ 

ទោះជាយ៉ាងណាអ្នកគាំទ្រជាច្រើនចង់ឃើញតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដឹកដៃគ្នាចូលរោងការតាមប្រពៃណីដែលមានលក្ខណៈធំដឹង មិនចាញ់មិត្តសិល្បករផ្សេងឡើយ ៕