គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer កាលពីយប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ ដែលនិយាយប៉ះពាល់ដល់ស្ថានីយទូរទស្សន៍ PNN ។
គួររម្លឹកថា កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer បានផ្សព្វផ្សាយថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ កំពុងយកស្ថានីយទូរទស្សន៏ ភីអិនអិន (PNN) រកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញ, ជាទីតាំងបង្ខាំងមនុស្ស ចាប់ជម្រិតមនុស្ស និងចាប់បង្ខំមនុស្សឲ្យ រកស៊ី ឆបោកតាមប្រព័ន្ធ អនឡាញដ៏ធំនៅកម្ពុជា។
ជាការឆ្លើយតប គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN បានបញ្ជាក់ថា ទាំងរូបភាពនិង ខ្លឹមសារដែលផ្សាយដោយ Cambodia Daily Khmer គឺ សុទ្ធសឹងជារូបភាពនិងព័ត៌មានមិនពិតទាំងអស់ ពីព្រោះទីតាំងដែលគេបានបង្ហាញនោះមិនមែនជាស្ថានីយទូរទស្សន៍ PNN នោះទេ។
គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN ក៏សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា ស្ថានីយទូរទស្សន៍ PNN គឺជាបណ្តាញផ្សាយព័ត៌មានស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ ហើយមិនត្រូវបានប្រើប្រាស់ជាទីតាំងប្រព្រឹត្តិអំពើខុសច្បាប់ណាមួយដូចការចោទប្រកាន់ពីសំណាក់ក្រុមទុច្ចរិតប្រឌិត ព័ត៌មានក្លែងក្លាយខាងលើនោះឡើយ។
គួរកត់សម្គាល់ថា នេះពុំមែនជាលើកទី១នោះទេ ដែលគណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer បានប្រឌិតព័ត៌មានមិនពិត និងចោទប្រកាន់ទាំងបំពាន ទៅលើបុគ្គល ឬស្ថាប័នណាមួយ ក្នុងចេតនាអាក្រក់។ កន្លងមកគណនីហ្វេសប៊ុកឈ្មោះ Cambodia Daily Khmer ធ្លាប់បានបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ថ្នាក់ដឹកជាតិ អ្នកជំនួញ និងស្ថាប័នជាតិដទៃផ្សេងទៀតផងដែរ ហើយនេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន៕
អត្ថបទ៖ ពុទ្ធិកា