ស្ពានអាកាសមរតកតេជោ ជាន់ទី១ ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន បានបើកឲ្យដំណើរការបណ្តោះអាសន្នហើយ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ។
បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្ន នាពេលនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅជាន់ផ្ទាល់ដី និងងាយស្រួលដល់ក្រុមសាងសង់បំពេញការងាររបស់ខ្លួនបានលឿន និងអាចបញ្ចប់គម្រោងសាងសង់បានទាន់ពេលវេលា។
គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ស្ពានអាកាសនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០២២ និងចំណាយថវិកាសាងសង់ ៣៦លានដុល្លារ ដោយគ្រោងប្រើរយៈពេល៣៦ខែ ។
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ក្នុងគោលបំណងដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយឡែកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤អាជ្ញាធររាជធានីភ្នំពេញ បានតភ្ជាប់ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី២ ។ ដំណាក់កាលទី២ នេះ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែពោល គឺបញ្ចប់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមគម្រោងគឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥៕
អត្ថបទ៖ ពុទ្ធិកា