ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ចិន នឹងជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស។ ការអះអាងនេះ បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យទាំងបី និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល ផងដែរ។
ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជាពោរពេញដោយភាពរស់រវើក។ ឯកឧត្តមបានបញ្ជាក់ថា ភាគីចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាក្នុងវិស័យកិច្ចសហប្រតិបត្តិការធនធានមនុស្ស ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ការសាងសង់បណ្តាញ 5G និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងអនឡាញ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីជួយកម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍បែបលឿនរហ័ស៕
អត្ថបទ៖ អក្ខរា