ទស្សនកិច្ចទិសឦសានបានបិទបញ្ចប់ដោយជោគជ័យ និងបានក្លាយជាសក្ខីកម្មរស់លើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

ដំណើរទស្សនកិច្ចទិសឦសានត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ខណៈសាធារណជន ២ ៤០០ នាក់ ជាសាក្សីរស់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា សាធារណជនពីគ្រប់មជ្ឈដ្ឋាន រួមមានព្រះសង្ឃ មន្ត្រីរាជការ និស្សិត បញ្ញវន្ត និងពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា បានអស់មន្ទិលសង្ស័យ និងអស់នូវការព្រួយបារម្ភលើបញ្ហាបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក្រោយបានចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន រៀបចំដោយរាជរដ្ឋ ភិបាលកម្ពុជា ដោយបងប្អូនទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ជាពិសេសគឺបានមើលឃើញដោយ ផ្ទាល់នូវខណ្ឌសីមាបង្គោលព្រំដែនដែលត្រូវបានបោះយ៉ាងត្រឹមត្រូវ និងផ្លូវក្រវាត់ព្រំដែន ព្រមទាំងសមិទ្ធផលដ៏ ច្រើនសន្ធឹកសន្ធាប់នៅក្នុងបណ្តាខេត្តភូមិភាគឦសាន និងបានឃើញខឿនការពារជាតិ ការការពារបានបូរណភាព ដែនដី និងអធិបតេយ្យភាពជាតិយ៉ាងស្ថិតស្ថេររឹងមាំទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។

ប្រជាពលរដ្ឋសុទ្ធតែបានកោតសរសើរ និងស្ងប់ស្ញែងចំពោះការលះបង់ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីបុព្វហេតុការពារទឹកដីឱ្យបានគង់វង្សសម្រាប់កូន ចៅជំនាន់ក្រោយ តាមរយៈការបោះបង្គោលព្រំដែនច្បាស់លាស់ និងការកសាងខឿនការពារជាតិរឹងមាំ។ ការកសាងផ្លូវក្រវាត់ព្រំដែន ការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ការត្រួតពិនិត្យ និងយាមល្បាត ដោយសមត្ថកិច្ចពាក់ព័ន្ធយ៉ាងម៉ត់ចត់និងជាប្រចាំ បង្កើតបានជាប្រព័ន្ធការពារទឹកដីកម្ពុជាដ៏រឹងមាំ លុបបំបាត់ការ យល់ខុសលើកិច្ចការព្រំដែន ពីសំណាក់បងប្អូនមួយចំនួនតូច និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ សហគមន៍នៅតំបន់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការរីកចម្រើនសម្បូរណ៍ សប្បាយ។

ក្នុងន័យនេះ ប្រជាពលរដ្ឋបានកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បន្តពី សម្ដេចតេជោ ហ៊ុន សែន និងបានបន្តពូនជ្រុំស្មារតីសាមគ្គីភាពជាតិខ្មែរដ៏រឹងមាំ ជាពិសេសតាមរយៈការ ផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ បានចូលរួមទស្សនកិច្ច ចុះពិនិត្យឃើញបង្គោលព្រំដែនដែលបានបោះ រួចរាល់ និងផ្លូវក្រវាត់ព្រំដែនដោយផ្ទាល់ ដែលធ្វើឱ្យបងប្អូន បានស្គាល់ពីទឹកដីរបស់កម្ពុជាច្បាស់លាស់ ហើយ លែងមានការព្រួយបារម្ភ និងមន្ទិលសង្ស័យលើបញ្ហាទឹកដីទៀត។ បង ប្អូនប្រជាពលរដ្ឋបានអះអាងថា ពួកគាត់មិន ជឿលើការញុះញង់ បំភ្ល បំផ្លើស របស់ក្រុមជនអគតិលើបញ្ហាជាតិ និងទឹកដីឡើយ។

ក្រសួងព័ត៌មាន បានបន្តទៀតថា ទស្សនកិច្ចទិសឦសានបានក្លាយជាសក្ខីកម្មរស់ សបញ្ជាក់ពីភាពស្ថិតស្ថេរគង់វង្ស និងភាពជាម្ចាស់ របស់កម្ពុជាលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដោយរាជរដ្ឋាភិបាលប្តេជ្ញាមិនអនុញ្ញាតឱ្យបាត់បង់ ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រឡើយ។ ជាងនេះទៀត ទស្សនកិច្ចក៏បានរួមចំណែកបង្កើតបានជារូបភាពវិជ្ជមាន ប្រកបដោយទឡ្ហៈករណ៍ពិត និងជាក់លាក់ ដើម្បីបញ្ជាក់ជូនមតិជាតិ និងអន្តរជាតិឱ្យបានយល់ច្បាស់អំពីជំហរ ម៉ឺងម៉ាត់ និងកិច្ចខិតខំជាក់ស្តែងឥតប្រកែកបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការថែរក្សាការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ទស្សនកិច្ចនេះ ក៏បានលាតត្រដាង ឱ្យឃើញច្បាស់ផងដែរអំពី នយោបាយអគតិរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែប្រើឧបាយកលទុច្ចរិត តាមរយៈការប្រើប្រាស់ ព័ត៌មានក្លែងក្លាយ បំភ្លឺបំផ្លើសគ្មានមូលដ្ឋាន ដើម្បីចោទប្រកាន់ធ្វើឱ្យមានការភាន់ច្រឡំជុំវិញប្រធានបទទឹកដី និងព្រំដែន។ ទង្វើទុច្ចរិតដែលមានចេតនាបំពុលសង្គមនេះ ត្រូវបានអស់លក្ខណ៍ ហើយសាបរលាបដោយ ឯកឯង ក្រោមឥទ្ធិពលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែង និងការអនុវត្តពិតប្រាកដប្រកបដោយភាពច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងការទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រោមគំនិតផ្តួចផ្តើម និងគាំទ្រដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដំណើរទស្សនកិច្ច ទិសឦសានរៀបចំឡើងដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់ភ្នែក នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមបណ្ដោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបានចាប់ផ្តើម ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤។ សរុបដំណើរទស្សនកិច្ចចំនួន ១១ លើក ត្រូវបានរៀបចំឡើងលើតម្រាយផ្លូវចំនួន ៣ ខ្សែក្នុងទិសដៅខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី, ប្រជាពលរដ្ឋចំនួន ២,៤០០ អង្គ/នាក់បានចូលរួម៕