បណ្ឌិត យង់ ពៅ៖ បញ្ហាអធិបតេយ្យជាតិជាមួយប្រទេសជិតខាង អ្នកនយោបាយប្រឆាំង និងពលរដ្ឋគប្បីត្រូវឈ្វេងយល់អំពីប្រភពឯកសារឱ្យបានច្បាស់លាស់

បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការយល់ឃើញថា បញ្ហាអធិបតេយ្យជាតិ គឺជារឿងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា គ្រប់និន្នាការ ដែលតែងតែមានការឈឺឆ្អាលចំពោះជោគវាសនាជាតិ។ ទោះជាយ៉ាងណា ការឈឺឆ្អាល ចង់ដឹងចង់ឮ និងចង់ចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិនេះ ពលរដ្ឋម្នាក់ៗបានបង្ហាញចេញជាសកម្មភាពនិងបានចូលរួមទៅក្នុងទិដ្ឋភាពផ្សេងៗគ្នា ដែលជួនកាល អាចនាំផលជះត្រឡប់មកវិញផ្ទុយពីគោលបំណងដើមរបស់ខ្លួនថែមទៀតផង។

សម្រាប់លោកបណ្ឌិតការប្រកាសរៀបចំបាតុកម្មនៅថ្ងៃទី២៩ ខែធ្នូខាងមុខ គឺជាសិទ្ធិរបស់អ្នករៀបចំនិងអ្នកចូលរួមធ្វើបាតុកម្ម ដោយសិទ្ធិនេះត្រូវជ្រកកោននៅក្រោមច្បាប់នៃប្រទេសដេលខ្លួនកំពុងរស់នៅ ពោលគឺត្រូវគោរពទៅតាមនីតិវិធី និងលិខិតបទដ្ឋានច្បាប់ជាធរមាននៅក្នុងប្រទេសដែលខ្លួនទទួលបានសញ្ជាតិ ឬកំពុងរស់នៅនោះ។ ទោះជាយ៉ាងនេះក្ដី ក្នុងករណីដែលការរៀបចំបាតុកម្មនេះ ប៉ះទង្គិចទៅលើទិដ្ឋភាពច្បាប់ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសខ្លួនកំពុងស្នាក់អាស្រ័យជាមួយនឹងប្រទេសកម្ពុជា នោះគឺជារឿងមួយផ្សេងទៀត ដែលគេគួរតែពិចារណា។ ហេតុនេះហើយ អ្នករៀបចំតោងត្រូវអនុវត្តទៅតាមច្បាប់នៃប្រទេសដែលខ្លួនកំពុងរស់នៅ។

ទោះជាយ៉ាងណា បណ្ឌិត យង់ ពៅ បានអំពាវនាវដល់អ្នកនយោបាយប្រឆាំង និងពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងធ្វើយុទ្ធនាការផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យជាតិជាមួយប្រទេសជិតខាងនេះ គប្បីត្រូវឈ្វេងយល់អំពីប្រភពឯកសារ និងប្រភពព័ត៌មានឱ្យបានច្បាស់លាស់និងជាក់លាក់ជាមុនសិន។ តួយ៉ាងដូចជា ឯកសារសន្ធិសញ្ញា ឆ្នាំ១៩០៧ និងឯកសារពាក់ព័ន្ធផ្សេងទៀត រួមនឹងឯកសារ ឬប្រភពទិន្នន័យ/ព័ត៌មាន ដែលក្រុមអ្នកទាមទារបានអះអាងថា ចង់យកធ្វើជាមូលដ្ឋានដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ ត្រូវបានលោកបណ្ឌិតលើកឡើងថា គេត្រូវតែពិនិត្យឱ្យបានជាក់ច្បាស់ អំពីដែនយុត្តាធិការរបស់តុលាការនេះ លទ្ធភាពនៃការប្ដឹងទាមទារដោយឈរលើមូលដ្ឋានទាំងនោះ ព្រមទាំងផលចំណេញ និងការខាតបង់សម្រាប់ប្រទេសកម្ពុជា ដែលអាចកើតឡើងចេញពីការប្ដឹងទាមទារនោះ។

បើតាមលោកបណ្ឌិត ប្រជាពលរដ្ឋនិងសកម្មជនប្រឆាំងមួយចំនួន ហាក់មិនបានគិតពិចារណា និងឈ្វេងយល់ដោយខ្លួនឯងនោះទេ ពោលគឺបានធ្វើការទាមទារ និងបញ្ចេញមតិយោបល់ដោយសារ ជឿតាមការបំផុសបំផុលរបស់អ្នកនយោបាយប្រឆាំង ដែលមានលាក់បង្កប់របៀបវារៈកំណត់ទុកជាមុន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានគូសបញ្ជាក់ហើយថា បញ្ហាទាំងឡាយពាក់ព័ន្ធនឹងអធិបតេយ្យភាពលើដែនសមុទ្រ នៅស្ថិតក្នុងដំណាក់កាលចរចានៅឡើយ ពោលគឺកម្ពុជាមិនទាន់មានកិច្ចព្រមព្រៀងឬសន្ធិសញ្ញាកំណត់ដែនសមុទ្រជាមួយនឹងប្រទេសថៃនៅឡើយនោះទេ៕