សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងឱកាសនៃជំនួប, លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព​ និងកំណើនសេដ្ឋកិច្ច​ ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកអនុប្រធានប្រចាំតំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមាន​ជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក​ និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសេចក្តី​សោមនស្ស​ចំពោះ​ការចូលរួមចំណែករបស់ IFC ក្នុង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំងបាន​ស្វាគមន៍​ IFC ដែលមានបំណងស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។

សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីការដាក់ចេញនូវ​គោលនយោបាយ​ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % នៅក្នុងឆ្នាំ ២០៣០។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន ដែលរួមមានដូចជា៖ ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ  ដើម្បីធានាដល់ការតភ្ជាប់ការដឹកជញ្ជូនក្នុងប្រទេស និងតំបន់ ក៏ដូចជាអន្តរជាតិ។  បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោបាយនៃការទូទាត់តាមប្រព័ន្ធKHQR ដែលបានរួមចំណែកធានាដល់ការប្រកួតប្រជែង  និងសម្រួលដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យ IFC បន្តផ្សារភ្ជាប់ទំនាក់ទំនង​ និងសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា ក្នងការចាប់យកកាលានុ​វត្តភាព​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់ខ្លួន​នៅកម្ពុជា​។