ប្រជានេសាទស្ថិតនៅតំបន់មាត់ខ្លា ខេត្តសៀមរាប បានឲ្យដឹងថា ទិន្នផលត្រីធម្មជាតិចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។
ក្នុងពេលចុះទៅកាន់តំបន់មាត់ខ្លា ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប កាលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់។
ក្រោយការសំណេះសំណាល លោករដ្ឋមន្ដ្រី បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។
តាមរយៈលទ្ធផលជាវិជ្ជមាននេះ លោកបានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។ លោកបានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។
ដោយឡែក ចំពោះបញ្ហាប្រឈមអំពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយចំនួនដែលនៅតែកើតមាននៅក្នុងតំបន់មាត់ខ្លានេះលោករដ្ឋមន្ដ្រីដាក់គោលការណ៍ឱ្យមន្ដ្រីជំនាញចុះស្រាវជ្រាវ វែកមុខ កំណត់អត្តសញ្ញាណឱ្យបាន ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។
លោកក៏បានណែនាំដល់មន្ដ្រីជំនាញឱ្យសិក្សាអំពីមុខរបរកសិកម្មដែលអាចធ្វើបាននៅលើបឹងទន្លេសាប ហើយផ្ទេរចំណេះជំនាញទាំងនោះជូនដល់បងប្អូនប្រជានេសាទអាចប្រកបរបរបន្ថែមពីលើការនេសាទ។ ការនេសាទ បើតាមលោករដ្ឋមន្ដ្រី អាចជួយឱ្យប្រជាជន «មានហូប» តែមិនអាចឱ្យ «មានបាន» ឡើយ ប្រសិនបើគ្មានការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនចំណូលគ្រួសារផង និងដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋានផង៕