ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ដែលជាអ្នករៀបរៀងសៀវភៅ”កម្ពុជាសម័យតេជោ” បានឱ្យដឹងថា សៀវភៅដែលមានកម្រាស់ជិត៧០០ទំព័រនេះ លោកបានបញ្ចប់ការរៀបរៀងជំហានបឋមរួចរាល់ជាស្ថាពរហើយ ។ សៀវភៅនេះនឹងត្រូវបញ្ចូលទៅកាន់រោងពុម្ពក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកចំណាយពេលរៀបរៀងប្រមាណជាង៦ខែដើម្បីរៀបរៀងរួចមក។
លោក ពៅ សុខ ឱ្យដឹងទៀតថា សៀវភៅ”កម្ពុជាសម័យតេជោ” ពុំមែនជាសៀវភៅប្រវត្តិសាស្រ្តនោះទេ តែជាកម្រងឯកសារដែលលោកចងក្រងរៀបរាប់ពីសមិទ្ធផលដ៏ធំធេងមហាសាលនានាក្រោមម្លប់សន្តិភាព នៃសម្តេចតេជោ បិតាសន្តិភាពរបស់កម្ពុជា ដែលព្យាយាមធ្វើឱ្យមានឡើងវិញពីកម្ពុជាគ្មានអ្វីសោះ ឬអាចហៅថា កម្ពុជា នៃការកើតឡើងវិញពីគំនរផេះផង់ ពីចំណុចសូន្យ រហូតមានអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីសេរីភាព នៃជំនឿសាសនា ការជ្រើសរើសគូស្រករ ការនិយាយស្តី ឬហៅថាសេរីភាព នៃការបញ្ចេញមតិ និងលទ្ធប្រជាធិបតេយ្យដូចបណ្តាប្រទេសនានា នៅលើលោកដែរ។
លោក លើកឡើងដែរថា ប្រសិនបើមានចម្ងល់ ឬចង់ដឹងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោបិតាសន្តិភាពបានធ្វើអ្វីខ្លះ ឬថា តើកម្ពុជាសម័យតេជោ ឬតាមបណ្តាខេត្តមួយចំនួនមានអ្វីខ្លះ សៀវភៅ”កម្ពុជាសម័យតេជោ” អាចពន្យល់ និងលាតត្រដាងបានគ្រប់ជំពូក។ ជាពិសេសមិត្តអ្នកអាន នឹងបានជ្រាបថា ប្រមុខរាជរដ្ឋាកម្ពុជាសម្តេចតេជោ ហ៊ុន សែន ទទួលបាន នូវពានរង្វាន់ពិភពលោកអ្វីខ្លះ? ទទួលបាន នូវសញ្ញាបត្រកម្រិតថ្នាក់បណ្ឌិតកិត្តិយសពីបណ្តាប្រទេសណាសខ្លះ? និងក្នុងកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ តើកម្ពុជា ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាមេដឹកនាំពិភពលោកណាខ្លះ?
សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែររូបនេះ បញ្ជាក់ទៀតថា តាមការគ្រោងទុកសៀវភៅ(កម្ពុជា សម័យតេជោ) នឹងត្រូវបោះពុម្ពជំហានដំបូងចំនួន២៥០០ច្បាប់ ហើយក្រោយពីការបោះពុម្ពរួចរាល់ សៀវភៅនេះ នឹងមានដាក់លក់នៅតាមបណ្ណាគារនានា ក្នុងរាជធានីភ្នំពេញ និងក៏អាចមានការប្រគេន ឬចែកជូនដោយឥតគិតថ្លៃ ចំពោះមិត្តអ្នកអានទាំងឡាយ ដែលនិយមការអាន និយមការស្រាវជ្រាវ ហើយពុំមានលទ្ធភាពជាវផងដែរ៕