នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងតំណាងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ប្រមាណ៣០០នាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
នៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលស្វយ័តស៊ីសន់ប៉ាណា ខេត្តយូណាន ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការសហការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជានិងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម “ដំណើរទេសចរណ៍យូណាន-អង្គរ” និងភាពយន្តឯកសារដែលផលិតរួមគ្នា ដោយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជាដើម។
ឯកឧត្ដមក៏បានបង្ហាញទៅដល់អ្នកចូលរួមទាំងអស់ពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដោយទទួលបានភ្ញៀវទេសចរចំនួនជាង៥លាននាក់ក្នុងឆ្នាំ២០២៤ និងបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយព័ត៌មានក្លែងក្លាយ និងលើកកម្ពស់វិស័យ”ការទូតព័ត៌មាន” ដើម្បីធានាបាននូវព័ត៌មានប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ។ ឯកឧត្ដមបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ សន្តិភាពក្នុងតំបន់ និងវិបុលភាព៕