ការទទួលទាន,លក់ និងការផ្សព្វផ្សាយភេ​សជ្ជៈប៉ូវ​កម្លាំងគ្រប់ប្រភេទ ត្រូវហាមឃា​ត់​ នៅ​ក្នុងនិង​ជុំវិញបរិវេណ​គ្រឹះស្ថាន​សិក្សា

ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។​

ការណែនាំនេះ ធ្វើឡើងក្នុងគោលដៅយកចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ ហើយកន្លងក្រសួង ក៏សង្កេតឃើញថា ការអនុវត្ត វិធានការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណី អាហារនៅតាមគ្រឹះស្ថានសិក្សានៅមិនទាន់បានគ្រប់ជ្រុងជ្រោយតាមសេចក្តីណែនាំនៅឡើយ។

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើក​កម្ពស់​សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក និងត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា។

ជាមួយគ្នានេះ ត្រូវអប់រំ ក្រើនរំឭក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា, ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ។

ទន្ទឹមគ្នានេះ ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្តែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យា លក់ដូរ ហើយត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង”។

គួរបញ្ជាក់ថា ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា សហការចុះត្រួតពិនិត្យមើលការលក់ដូរចំណីអាហារនៅតាមសាលារៀន ដើម្បីបង្ការជំងឺទឹកនោមផ្អែមដល់សិស្សានុសិស្ស ជាពិសេសកុមារៗ។

ការណែនាំនេះ ដោយសារសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កត់សម្គាល់ឃើញថា នារយៈពេលចុងក្រោយនេះឃើញថា កំណើននៃជំងឺទឹកនោមផ្អែម មានការកើនឡើងគួរឲ្យព្រួយបារម្ភ ៕

អត្ថបទ៖ ពុទ្ធិកា