អាជ្ញាធររាជធានីភ្នំពេញ ណែនាំពីការលើក​កម្ពស់​សោ​ភ័ណ​ភាព និងអនាម័យបរិស្ថាន អំឡុងពេលប្រកួត​កីឡាស៊ី​ហ្គេមនិង​​អាស៊ាន​ប៉ារ៉ា​ហ្គេម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំពីលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យបរិស្ថាន ក្នុង​អំឡុង​ពេល​រៀបចំ​ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីចូលរួមអបអរសាទរ ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​មួយនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ។

ក្នុងសេចក្តីណែនាំកាលពីនៅថ្ងៃទី២៨ មេសានេះ រដ្ឋបាលរាជធានីភ្នំពេញ គឺតម្រូវឲ្យគ្រប់លំនៅឋាន ផ្សារទំនើប អគារ​ពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋាន​អាជីវកម្មទេសចរណ៍ និងមូល​ដ្ឋាន​​អាជីវកម្មគ្រប់ប្រភេទផ្សេងទៀតចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និង រៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្ម របស់ខ្លួនឱ្យបានផុលផុស ។

ទន្ទឹមគ្នានេះ គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវចងបដាពាក្យស្លោក ដែលមានខ្លឹម​សារ​ឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍​ប្រកួតកីឡា​ទាំងពីរនេះ រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើង​បំភ្លឺ​នៅ​តាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព។

ដោយឡែក គ្រប់លំនៅឋានមូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា ត្រូវចូលរួមថែរក្សា និងសម្អាត​អនា​ម័យ​​បរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោស សម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់​ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់ ។

សម្រាប់ប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គម ឱ្យបានល្អប្រសើរក្នុង​អំឡុង​ពេលរៀបចំព្រឹត្តិការណ៍ទាំងពីរនេះ សំដៅចូលរួមលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល ។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា។ ទីតាំងប្រកួត ដែលជាគោលធំៗ រួមមាន រាជធានី​ពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។