បទវិភាគ៖ យុទ្ធសាស្ត្រ ៣ របស់សហរដ្ឋអាមេរិកដើម្បីឈ្នះចិន

ការតទល់រវាងសហរដ្ឋអាមេរិក និង ចិន នាពេលបច្ចុប្បន្នត្រូវបានគេអោយឈ្មោះថាជាសង្គ្រាមត្រជាក់សម័យកាលទី ២ ( សម័យកាលនៃសង្គ្រាមត្រជា់ទី ១ គឺរវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ) ។ តែសង្គ្រាមត្រជាក់ទី ២ នេះ អាចមានការវិវត្តនៅពេលដែលលោកត្រាំបានឈ្នះឆ្នោតជាប្រធានាធិបតីម្តងទៀត ។ ក្នុងសម័យលោក បៃដិន យុទ្ធសាស្ត្រសហរដ្ឋអាមេរិកគឺ «គ្រប់គ្រងដោយមានការទទួលខុសត្រូវនូវការប្រកួតប្រជែងជាមួយចិន» [ Responsibly manage the competition with China ] តែនៅពេលនេះ ក្រុមយុទ្ធវិទូស្តាំនិយមអាមេរិកយល់ឃើញថា ការប្រកួតប្រជែងត្រូវតែដណ្តើមយកឈ្នះ ប្រៀបដូចជាការរត់ប្រណាំងគ្នាយ៉ាងនោះដែរ ។

ចំពោះយុទ្ធវិទូស្តាំនិយមអាមេរិក «ឈ្នះ»មានន័យថា ឈានដល់ចំណុចមួយដែលរដ្ឋាភិបាលចិនមិនមានឆន្ទៈ ឬ មិនមានសមត្ថភាពបំផ្លាញផលប្រយោជន៍ស្លាប់រស់ ( Vital interests ) របស់សហរដ្ឋអាមេរិកបានទៀតឡើយ និយាយដោយខ្លីគឺធ្វើយ៉ាងណាអោយចិនចុះចាញ់ ( Capitulation ) ឬ បំផ្លាញសមត្ថភាព ( Incapacitation ) គម្រាមកំហែងរបស់ចិនអោយបាន ។

ចង់បានដូចនេះ មានយុទ្ធសាស្ត្រ ៣ ដែលសហរដ្ឋអាមេរិកត្រូវប្រកាន់យក :

ទី ១ : សហរដ្ឋអាមេរិក ត្រូវយកឈ្នះលើចិនលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា មនោគមន៍វិជ្ជា ការទូត និង យោធា ដែលនឹងធ្វើអោយចិនបាត់បង់សមត្ថភាពបំផ្លាញផលប្រយោជន៍ស្លាប់រស់របស់សហរដ្ឋអាមេរិកបាន ។
ក្នុងយុទ្ធសាស្ត្រនេះ សហរដ្ឋអាមេរិកត្រូវបន្តផ្តាច់សង្វាស ( Decoupling ) សេដ្ឋកិច្ចខ្លួនជាមួយសេដ្ឋកិច្ចចិន ហើយពង្រឹងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនក្នុងពេលដែលលោក សុី ជិនពិញ កំពុងធ្វើអោយសេដ្ឋកិច្ចចិនចុះខ្សោយអាស្រ័យការអោយឧត្តមភាពទៅលើបក្សកុម្មុយនីស្តចិនក្នុងការត្រួតត្រាសេដ្ឋកិច្ចឯកជន ។ បន្ថែមលើនេះ ការបង្កើនពន្ធដារលើមុខទំនិញចិន ការទប់ស្កាត់មិនអោយមានការវិនិយោគចូលក្នុងប្រទេសចិន និង ការកម្រិតផ្នែកបច្ចេកវិទ្យាជាមួយចិនគឺជាមុមមួយនៃយុទ្ធសាស្ត្រនេះ ។
នៅលើវិស័យយោធា សហរដ្ឋអាមេរិកត្រូវពង្រីកសម្ព័ន្ធភាពយោធាក្នុងតំបន់ឥណ្ឌា ប៉ាសុីហ្វិកដូចជា សម្ព័ន្ធ AUKUS ( Australia, United Kingdom, United States ) និង NATO-IP4 ( NATO បូកនឹងដៃគូ ៤ ក្នុងតំបន់មហាសមុទ្ទឥណ្ឌា និង ប៉ាសុីហ្វិក មាន អូស្ត្រាលី ជប៉ុន នូវែលហ្សេឡង់ និង កូរ៉េខាងត្បូង ) ។

ទី ២ : ការជំរុញអោយមានការផ្លាស់ប្តូរគោលបំណង ( Intent ) របស់ចិន
នោះគឺជាការប្រជែងដើម្បីជំរុញអោយថ្នាក់ដឹកនាំចិនប្តូរគោលបំណងប្រជែងស្លាប់រស់ជាមួយសហរដ្ឋអាមេរិក ។ ថ្វីត្បិតតែសហរដ្ឋអាមេរិកយល់ថា លោក សុីជិញពិញ បច្ចុប្បន្នមានគោលបំណងឥតងាករេប្រជែងយកឈ្នះចាញ់ជាមួយសហរដ្ឋអាមេរិក តែសហរដ្ឋអាមេរិកក្រៅពីទប់ឥទ្ធិពលលោក សុី ជិនពិញ នៅក្នុងប្រទេស ក៏ត្រូវប្រឹងខិតខំអោយអ្នកនាំបន្តពីលោកសុីជិនពិញ សន្និដ្ឋានបានថាប្រកួតប្រជែងយកឈ្នះចាញ់ជាមួយសហរដ្ឋអាមេរិកគឺត្រូវបង់តម្លៃមួយខ្ពស់ហើយជាការលំបាកបំផុត ហេតុនេះការងាកមករកមាគ៌ាសហការវិញគឺជាវិធីដ៏ល្អតែមួយគត់របស់ចិន ។ យុទ្ធសាស្ត្រទី ២ នេះ អាចមានភាពងាយស្រួលនៃពេលដែលយុទ្ធសាស្ត្រទី ១ ដំណើរការបានល្អ បូកបន្ថែមដោយគំរូបរាជ័យរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមត្រជាក់ទី ១ ដែលប្រឹងប្រកួតយកឈ្នះចាញ់ជាមួយសហរដ្ឋអាមេរិករហូតត្រូវរលំរលាយខ្លួន ។

ទី ៣ : នេះជាយុទ្ធសាស្ត្រធំបំផុតសម្រាប់សហរដ្ឋអាមេរិក ។ ដើម្បីបំបាក់គ្រោះគម្រាមកំហែងរបស់ចិន គឺការឈានទៅប្តូររបប ( Regime Change ) នៅក្នុងប្រទេសចិន ។ ការផ្លាស់ប្តូររបបនៅក្នុងប្រទេសចិនអាចនាំអោយមានប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅក្នុងប្រទេសនេះផង អាចបន្ថយសមត្ថភាព និង បំណងរបស់ចិនក្នុងការយកឈ្នះចាញ់ជាមួយសហរដ្ឋអាមេរិកផង ។
ការដួលរលំចុះនៃបក្សកុម្មុយនីស្តចិននឹងនាំមកនូវសម័យកាលអស្ថិរភាពផ្ទៃក្នុង ( Period of domestic instability ) ដែលនឹងបន្ថយឆន្ទៈចង់យកឈ្នះចាញ់ជាមួយសហរដ្ឋអាមេរិក ។ រដ្ឋាភិបាលចិនថ្មីនឹងជារដ្ឋាភិបាលមួយខ្សោយដែលត្រូវប្រឹងមើលផ្ទៃក្នុងរបស់ខ្លួនដើម្បីពង្រឹងអំណាច ជាជាងងាកមើលទៅខាងក្រៅ ។
មួយវិញទៀត ការប្តូររបបអាចឈាននាំដល់ការបំបែករដ្ឋដូចដែលគេឃើញស្រាប់នៅក្នុងអតីតសហភាពសូវៀត ។ តំបន់ទីបេត៍ និង សុីនជាង អាចប្រកាសឯករាជ្យផ្តាច់ចេញពីចិនថែមទៀតផង ។

ចំពោះយុទ្ធវិទូអាមេរិកស្តាំនិយម យុទ្ធសាស្ត្រទាំង ៣ នេះ មិនមែនដាច់ចេញពីគ្នាទេ តែគឺផ្កួបផ្សំគ្នា ។ ឧទាហរណ៍នៃអតីតសហភាពសូវៀតបានបង្ហាញអោយឃើញស្រាប់ ។ ជាងកន្លះសតវត្សរ៍ សហភាពសូវៀត ជាគូប្រជែងស្លាប់រស់ជាមួយបស្ចឹមប្រទេស ។ ការមកដល់របស់លោក Michail Gorbachev ដែលប្រឹ ងធ្វើប៉េរេស្រ្តូយកា និង បន្ថយតំណឹងជាមួយលោកខាងលិចបាននាំទៅដល់ការបះបោរទាំងក្នុងប្រទេសនិងប្រទេសអឺរ៉ុបខាងកើតរហូតដល់ការរលំរលាយសហភាពសូវៀតទាំងមូល ។

នេះជាយុទ្ធសាស្ត្រទាំង ៣ ដែលពួកយុទ្ធវិទូបានលើកឡើង ។ តើលោកត្រាំនឹងអនុវត្តតាមបែបណា យើងមិនទាន់ដឹងទេ តែទោះជាយ៉ាងណាក៏ដោយក៏សហរដ្ឋអាមេរិកនៅតែប្រឹងរក្សាឧត្តមភាពរបស់ខ្លួននៅលើឆាកអន្តរជាតិដដែល ហេតុនេះទោះមានលោកត្រាំ ឬ អត់លោកត្រាំ យុទ្ធសាស្ត្រនេះច្បាស់ជាត្រូវយកមកអនុវត្តសម្រាប់សហរដ្ឋអាមេរិកជាក់ជាមិនខាន៕

អត្ថបទវិភាគរបស់ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន។