បណ្ឌិត ពៅ សុខ ៖ ឆាកជីវិតសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់សមរភូមិធំៗ៤

លោក ពៅ សុខ បណ្ឌិតវិទ្យាសាស្រ្តនយោបាយ មកពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម​អ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែល​បានរៀបរៀងសៀវភៅជាច្រើនស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេច​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវរបស់លោក បានរកឃើញថា ក្នុងឆាកជីវិតនយោបាយ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា សម្តេចតេជោបានឆ្លងកាត់ នូវសមរភូមិដ៏គ្រោះថ្នាក់ និងក្តៅគគុក​ធំៗ​ចំនួន៤។

លោក ពៅ សុខ បញ្ជាក់ថា សមរភូមិទី១ ដែលសម្តេចឆ្លងកាត់ គឺសមរភូមិយោធា ដែលសម្តេចបានចូលប្រឡូក ចាប់តាំងពី​ទសវត្សរ៍១៩៧០ បន្ទាប់ពីសម្តេចបានស្ម័គ្រចិត្ត ដឹកនាំយុវជនមួយចំនួនរត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់​សម្តេចព្រះ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីតស៊ូប្រឆាំងរបបរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលគាំទ្រដោយ​សហរដ្ឋ​អាមេរិក។ ទី២ សមរភូមិកំណែទម្រង់សេដ្ឋកិច្ច និងដីធ្លី ដែលសម្តេចចាប់ផ្តើមអនុវត្តន៍ចាប់ពិឆ្នាំ១៩៨៥ និងឆ្នាំ១៩៨៩ រហូតមក។ ទី៣ គឺសមរភូមិនយោបាយ  និងទី៤ គឺសរភូមិការទូត ដែលសមរភូមិនេះ សម្តេចតេជោ ចាប់ផ្តើមអនុវត្តន៍ ចាប់​តាំង​ពីសម្តេចរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំការគាំទ្រលើការផ្តល់ទីតាំងសម្រាប់ប្រមូលផ្តុំ ឬបង្កើតកម្លាំង​កងទ័ព ប្រឆាំង និងផ្តួលរំលំរបបប្រល័យពូជសសន៍ខ្មែរក្រហម ប៉ុល ពត និងការស្នើឱ្យវៀតណាម​បញ្ឈប់បញ្ជូនប្រជាជនកម្ពុជា​ដែល​ភៀស​​ខ្លួន​ទៅវៀតណាមឱ្យមកកម្ពុជាវិញ នៅឆ្នាំ១៩៧៧ ព្រោះការបញ្ជូនប្រជាជនកម្ពុជាភៀសខ្លួនត្រលប់មកកម្ពុជាវិញ គឺស្មើនឹងបញ្ជូនពួកគេឱ្យត្រលប់មករកសេចក្តីស្លាប់។

លោក ពៅ សុខ អះអាងថា គ្រប់សមរភូមិទាំង៤នេះ សម្តេចតេជោ ហ៊ុន សែន សុទ្ធតែឆ្លងកាត់ការប្រថុយគ្រោះថ្នាក់ដល់អាយុ​ជីវិត ព្រោះសូម្បីតែការធ្វើកំណែទម្រង់សេដ្ឋកិច្ចពីសេដ្ឋផែនការ ឬសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារ​(សេដ្ឋកិច្ចបើកចំហរ ឬសេដ្ឋកិច្ចទីផ្សារសេរី ដែលមានវិស័យឯកជនចូលរួម) ក៏ជារឿងដែលគ្រោះថ្នាក់បំផុតដែរ ព្រោះដំណាក់​កាលនោះ បណ្តាប្រទេសមួយចំនួនមានវៀតណាម និងសូវៀត នៅមិនទាន់មានការកែទម្រង់លើវិស័យសេដ្ឋកិច្ចនៅឡើយ។ ចំណែកសមរភូមិនយោបាយវិញ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រយុទ្ធតទល់ ជាមួយអ្នកនយោបាយជើងចាស់កម្រិតអន្តរជាតិ មានព្រះករុណា នរោត្តម សីហនុ លោក សឺន សាន និងលោកខៀវ សំផន ជាពិសេសជាមួយបណ្តាឥស្សរជននយោ​បាយ​កំពូលៗ ពីបរទេសផងដែរ។ ក្នុងនោះមានខ្លះមកពីអាមេរិក អង្គការសហប្រជាជាតិ ជប៉ុន បារាំង អូស្រ្តាលី និងកាណាដា។

លោក ពៅ សុខ បន្តទៀតថា ចំពោះសមរភូមិការទូតវិញ សម្តេចតេជោ ចាប់ផ្តើមប្រយុទ្ធតតាំង តស៊ូមតិជាមួយអង្គការ​សហ​ប្រជាជាតិ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ឱ្យប្រគល់អាសនៈ(កៅអី)កម្ពុជា នៅអង្គការសហប្រជាជាតិ​មកឱ្យប្រ​ជាជនកម្ពុជាវិញ តាំងពីសម្តេចក្លាយជារដ្ឋមន្រ្តីការបរទេសឆ្នាំ១៩៧៩ ក្នុងអាយុ២៧ឆ្នាំ។ សម្តេចតេជោ ពេលនោះ ទោះបីគ្មាន​ការឆ្លើយ​តប​ពីអង្គការសហប្រជាជាតិ ឬប្រទេសមហាអំណាចណាមួយទាំងវិជ្ជមាន និងអវិជ្ជមាន អំពីអាសនៈកម្ពុជា នៅ​អង្គការសហប្រជាជាតិ ប៉ុន្តែ សម្តេច​មិនបានបោះបង់ការព្យាយាមនេះទេ។ ជារៀងរាល់ឆ្នាំ នៃមហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ សម្តេចតែងតែសរសេរ​លិខិតជំទាស់ និងតវ៉ា ទាមទារអាសនៈកម្ពុជាមកវិញជាដរាប ហើយពន្យល់គេថា ការ​ប្រគល់​អាសនៈកម្ពុជាឱ្យពួកត្រីភាគី គឺមានន័យថា គាំទ្ររបបប្រល័យពូជសាសន៍ ឬអំពើឃោរឃៅនៅកម្ពុជា។ ការតវ៉ានេះ  រហូត​អំឡុងឆ្នាំ១៩៩០ ទើបគេទទួល​ស្គាល់ និងទទួលយកការទាម​ទាររបស់​សម្តេច ហើយសម្រេចព្យួរ​អាសនៈកម្ពុជាឱ្យ​នៅ​ទំនេរ​មួយរយៈពេលខ្លី។

លោកបណ្ឌិត បញ្ជាក់ទៀតថា សម្រាប់សមរភូមិយោធា សម្តេចតេជោ ធ្លាប់ឆ្លងកាត់ការប្រយុទ្ធ១០៥លើក របួស៥លើក ក្នុង​របួសធ្ងន់២លើក ហើយរបួសចុងក្រោយរហូតពិការភ្នែកឆ្វេង គឺការប្រយុទ្ធនៅសមរភូមិទន្លេបិទ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងនោះ សម្តេចឈ្នះលើសមរភូមិ ដោយមិនបាច់ប្រយុទ្ធចំនួន២លើក នៅសមរភូមិស្នួល និងកោះទ្រុង ហើយ​សមរភូមិនៅអំឡុងចុងខែឧសភា ឆ្នាំ១៩៧០ នៅផ្លូវជាតិលេខ៧ ដែលធ្វើឱ្យសម្តេចបាត់បង់យុទ្ធជនរួមអាវុធច្រើនជាងគេ រហូតជំរុញឱ្យសម្តេច ប្រថុយ​ជីវិត លូនចូលទៅអូសយកយុទ្ធជនរបស់សម្តេច ដែលរងរបួសធ្ងន់ មិនអាចរត់ចេញពីការ​បាញ់​ស្រោច និងការទម្លាក់​គ្រាប់​ពីលើយន្តហោះ នៃកងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ សមរភូមិនេះ ធ្វើឱ្យសម្តេចបានស្គាល់​រសជាតិពិត នៃភ្លើងសង្រ្គាមក្នុងសមរភូមិយោធា៕