ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រីករាយពេញចិត្ត និង​​អប​អរ​​ចំពោះសមិទ្ធផល​ដែលកើតមានបច្ចុប្បន្ន និងបន្ត​​បោះ​ជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគត​ដ៏រុង​​រឿង​​មួយ ក្នុងរយៈកាលប្រមាណ ៣០ឆ្នាំខាងមុខ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធី​រាត្រី​សមោស​រអ​​បអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា « International Business Chamber (IBC) » នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសប្រកបដោយភាពអធិកអធម និងរីករាយនោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការអបអរសាទរ និង​ការ​កោតសសើរចំពោះដំណើរបោះជំហានរីកចម្រើនទៅមុខគួរជាទីមោទនៈក្នុងរយៈកាល ៣០ ឆ្នាំ កន្លងមកនេះ របស់​សភា​ពា​ណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសការ​ជំរុញ​ឱ្យមាន​កិច្ចពិ​ភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការជិតស្និទ្ធជាមួយនឹងសភា​ពាណិជ្ជកម្មក​ម្ពុជា។ ទន្ទឹមនេះ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជាវេទិកាសម្រាប់ឱកាសនៃការភ្ជាប់ទំនាកទំនងរវាងបណ្តាញរវាងធុរកិច្ច រួមជាមួយនឹងការផ្តល់ជំនួយប្រឹក្សាយោបល់ដល់និយោគិនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។

ឯកឧត្តម បណ្ឌិត ក៏បានជំរុញទឹកចិត្តបន្ថែមថា៖ “យើងបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលការណ៍នេះ គឺពិតជាទាម​ទារ​​ចាំ​បាច់​​នូវ​ការ​រួបរួមគ្នាប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គ ដើម្បីបង្កើតឱកាស​សម្រាប់​​​​ប្រទេ​ស​​កម្ពុជា​ដ៏រុងរឿងមួយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាឈានទៅសម្រេចចក្ខុវិស័យនេះ ដោយ​ចាប់​ផ្តើមពីការរីករាយ​ពេញ​ចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគត​ដ៏រុង​រឿង​មួយ ក្នុងរយៈកាលប្រមាណ ៣០ ឆ្នាំខាងមុខ”។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹម និងភាពជឿជាក់ថា អាស្រ័យដោយមាន​ការ​បន្តចូលរួមគាំទ្រ និងសហការពីសំណាក់សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស គឺនឹងជួយឱ្យយើង​អាច​ស​ម្រេច​ទិសដៅក្នុងការនាំភាពចម្រុងចម្រើនសម្បូរសប្បាយ ជូនជាតិ និងប្រជាជនកម្ពុជា។ ពិតណាស់ ជាមួយនឹងនវានុវត្តន៍, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងទេពកោសល្យរបស់ប្រជាជនកម្ពុជា យើងប្រាកដជាអាចចូលរួមកសាងកម្ពុជាមួយ ដែល​មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ចម្រុះ និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេស​​ស្រប​​នឹង​ឱកាសប្រកបដោយសក្តានុពលនៅក្នុងសតវត្សរ៍ទី២១ នេះ។