នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ សមាគមអ្នកសាងសង់កម្ពុជា បានសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា មានក្រុមហ៊ុនធំៗចូលរួមការតាំងពិព័រណ៌សរុបចំនួន ១១២ក្រុមហ៊ុន ដែលស្មើនឹង ២៣៧ស្តង់ ជាមួយនឹងផលិតផល និងសេវាកម្មក្នុងវិស័យសំណង់ជាង ៥០០ប្រភេទ។
លោកអ្នកឧកញ៉ាបានថ្លែងថា ឆ្នាំ២០២៤នេះ គឺជាលើកទី១៤ហើយដែល សមាគមអ្នកសាងសង់កម្ពុជា រៀបចំ«ពិព័រណឧស្សហកម្មសំណង់កម្ពុជា-អន្តរជាតិ»ក្នុងគោលដៅផ្តល់ឱកាសឱ្យក្រុមហ៊ុន ជាតិ និងអន្តរជាតិ បង្ហាញពីឧបករណ៍ សម្ភារៈរបស់ខ្លួន ជាពិសេសបង្កើតវេទិកាឱ្យអ្នកលក់ និងអ្នកទិញ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់។
នៅចំពោះមុខម្ចាស់ក្រុមហ៊ុនជាតិ និង អន្តរជាតិដែលបានចូលចូលរួម ១១២ក្រុមហ៊ុនការតាំងពិព័រណ៌នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យគ្រប់ក្រុមហ៊ុនជាតិ និង អន្តរជាតិទាំងអស់ ត្រូវខិតខំពង្រឹងនូវគុណភាពការសាងសង់របស់ខ្លួន តាមស្តង់ដារច្បាប់ រចនាបថជាតិ ប្រកបដោយផាសុខភាពតាមការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តមបន្តថា វិស័យសំណង់ ក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យឃើញតាមរយៈវត្តមាន ទីក្រុងរណប អគារ ពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ដែលជារួម នៅរាជធានីភ្នំពេញ មាន សំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន៤៤៨កន្លែង និងអគារខ្ពស់ៗ ចំនួន១,៨៤៩ អគារ៕