Breaking News: រដ្ឋមន្រ្តីក្រសួងការងារ អំពាវនាវសហគមន៍ខ្មែរនៅកូរ៉េខាងត្បូង រក្សាភាពស្ងៀមស្ងាត់កុំចូលរួមការប្រមូលផ្តុំណាមួយ

ភ្លាមៗក្រោយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសជាបន្ទាន់ដាក់ប្រទេសជាតិក្នុងភាពអាសន្ន រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង រក្សាភាពស្ងៀមស្ងាត់ ព្រមទាំងកុំចូលរួមក្នុងសកម្មភាពប្រមូលផ្តុំណាមួយឲ្យសោះ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅយប់ថ្ងៃទី៣ ខែធ្នូនេះ អំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនសហគមន៍ខ្មែរយើងនៅសាធារណរដ្ឋកូរ៉េ មេត្តារក្សាភាពស្ងៀមស្ងាត់ កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយ ដែលអាចខុសទៅនឹងច្បាប់អាជ្ញាសឹក ដែលទើបប្រកាសដោយលោកប្រធានាធិបតី Yoon SukYeol មុននេះ»។

ជាមួយគ្នានេះ ឯកឧត្តមសូមបងប្អូនរក្សាប្រក្រតីភាពការងារ និងមេត្តាកុំលូកចូលក្នុងសកម្មភាពនយោបាយរបស់គេឲ្យសោះ។

ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ធ្វើឡើងភ្លាមៗ បន្ទាប់ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្រោមហេតុផលដើម្បីការពារប្រទេស និងបានចោទបក្សប្រឆាំងឃុបឃិតជាមួយកូរ៉េខាងជើង។ ការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះ បានធ្វើឲ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់៕