អ្នកវិភាគពុលទឹកមាត់ លោក ជេម សុខ ចេញសុំទោ​សក្រោ​យ​និយាយមិនពិត​ពីដំណើរទ​ស្សនកិច្ចនៅចិន របស់សម្តេចតេជោ ហ៊ុន សែន

ទីបំផុតអ្នកវិភាគពុលទឹកមាត់តាមបណ្តាញសង្គមហ្វេកបុក​ លោក ជេម សុខ បានចេញសុំទោស សម្តេចតេជោ ហ៊ុន សែន ក្រោយ​លើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនជាទសន្សកិច្ចប្រញាប់ប្រញាល់។

ក្នុងសំណេរសុំអភ័យទោសលើគណនីហ្វេកបុក Sakoun Sok ដែលគេស្គាល់ថា លោក ជេម សុខ បានសរសេររៀបរាប់ថា ៖ «សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព, ប្អូន​សូមអភ័យ​ទោស​ពីសម្ដេចបងបើមានការ​ខុសឆ្គងត្រង់ណា។ ជាការពិតណាស់ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូម សម្ដេចបងមត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ។ ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តម ដើម្បីប្រទេសជាតិ។ គួរពុំគួរសូមទានសម្ដេចបងអភ័យទោស។»

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមគ្នានឹងទស្សនកិច្ច បុគ្គលតាំងខ្លួនជាអ្នកវិភាគតាមហ្វេកបុក លោក ជេម សុខ បាននិយាយថា សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។

ឆ្លើយតបនឹងការលើកឡើងនេះ នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងខ្លីថា គម្រោង​ទស្សនកិច្ចនៅចិនរបស់សម្តេច គឺបានរៀបចំតាំងពីជិត២ខែមុនម្លេះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ហើយនេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ ឬតក់ក្រហល់នោះទេ៕