«ជូនប្អូនជេម សុខ បងមើលតិចតុកឃើញប្អូននិយាយថា លោកហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត ២ខែមុនម្លេះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញ៉ាប់ប្រញ៉ាប់ឬតក់ក្រហល់នោះទេ។
បងសង្ឃឹមថា ប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ដោយប្អូនខ្លាចសម្បថបងមិនបបួលប្អូនស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។ ជូនពរឲ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឲ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ»។
ខាងលើនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២ ខែធ្នូនេះ។ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន៕