សម្តេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចនៅចិន មិនមែនជាទស្សនកិច្ច​ប្រញា​ប់​ប្រញាល់ ឬតក់ក្រហល់​នោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹមគ្នានឹងទស្សនកិច្ច បុគ្គលតាំងខ្លួនជាអ្នកវិភាគតាមហ្វេកបុក លោក ជេម សុខ បាននិយាយថា សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។

ឆ្លើយតបនឹងការលើកឡើងនេះ នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងខ្លីថា គម្រោង​ទស្សនកិច្ចនៅចិនរបស់សម្តេច គឺបានរៀបចំតាំងពីជិត២ខែមុនម្លេះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង ហើយនេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ ឬតក់ក្រហល់នោះទេ។

ក្រៅពីណែនាំលោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿង សម្តេចតេជោ ហ៊ុន សែន ក៏បានចំអកថា «ជូនពរឱ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹក​មាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅ​បង​យ៉ាងពិរោះ។

តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន បានផ្តើមទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០២ ខែធ្នូនេះ ។ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏មានជំនួបដោយឡែកពីគ្នាផងដែរជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ៕

អត្ថបទ៖ ពុទ្ធិកា