ខន សុវណ្ណសូនីតា ទម្លាយថា​​ ឡើង​ជិះកង់បីទាំងមិនទាន់ងូតទឹក​ទៅហាត់​សម​ដើម្បីចូល​រួមប្រ​កួត​MPI 2024 ជំនួស ដេត ស្រីនាថ នៅវិនាទីចុងក្រោយ

បវរកញ្ញាកំសត់ គឺជាងារដែលមហាជនដាក់ឲ្យកញ្ញា ខន សុវណ្ណសូនីតា បន្ទាប់ពីបវរកញ្ញារូបនេះ បានទៅជំនួសកញ្ញា ដេត ស្រីនាថ នៅលើឆាកអន្តរជាតិនៅវិនាទីចុងក្រោយ សម្រាប់ការប្រកួត Miss Pla​net International 2024 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ។

អ្វីដែលខ្លោចចិត្តនោះគឺ កញ្ញាបានបង្ហើបថា បានឡើងជិះកង់បីទាំងខ្លួនមិនទាន់ងូតទឹក ដើម្បីទៅហាត់សម ត្រៀមខ្លួនចូលប្រកួតជំនួស ។

កញ្ញា ខន សុវណ្ណសូនីតា បានឲ្យដឹងថា មុនពេលនាងទៅប្រកួត Miss Planet International 2024 ជំនួសកញ្ញា ដេត ស្រីនាថ គឺកញ្ញាកំពុងគេងនៅក្នុងផ្ទះ ភ្លាមៗលឺថាគេត្រូវការឱ្យកញ្ញាទៅប្រលងជំនួស កញ្ញា ដេត ស្រីនាថ  កញ្ញាបានឆ្លើយដោយមិនរុញរាថា អូខេកញ្ញានឹងចូលរួមប្រកួត ។ ភ្លាមកញ្ញា បានឡើងជិះកង់បីទាំងដែលខ្លួនមិនទាន់បានងូតទឹក ឬក៏ផាត់មុខអ្វីទាំងអស់ គឺរត់យ៉ាងប្រញាប់ក្នុងរូបរាងដ៏សាមញ្ញបំផុត ។

ថ្វីដ្បិតតែលទ្ធផលនៃការប្រកួតមិនបានល្អ កញ្ញា ខន សុវណ្ណសូនីតា រំភើបចិត្តដែលបានជាន់ឆាកអន្តរជាតិទាំងដែលខ្លួនមិនដែលស្រមៃឡើយថា អាចនឹងមានថ្ងៃនេះ ។ ខន សុវណ្ណសូនីតា ក៏បានថ្លែងអំណរគុណដល់រៀមច្បងដែលបានជួយជំរុញ និងផ្តល់សម្លៀកបំពាក់ សម្រាប់ប្រកួតនៅវិនាទីចុងក្រោយ។

កញ្ញា ខន សុវណ្ណសូនីតា បានអះអាងថា ចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនបន្ថែម បន្ទាប់ពីក្លាយទៅជាបវរកញ្ញា Miss Planet International 2024 ។ កញ្ញាក៏រំពឹងថា ទស្សនិកជននឹងគាំទ្រកញ្ញា ឱ្យកាន់តែច្រើនជាងនេះ ដើម្បីផ្តល់ជាកម្លាំងចិត្តក្នុងការឈរជើងក្នុងវិស័យនេះ ។

ក្រៅពីមានឈ្មោះជាបវរកញ្ញា បច្ចុប្បន្នកញ្ញា ខន សុវណ្ណសូនីតា ក៏ជាតារាបង្ហាញម៉ូដ និងជាតារាសម្តែងមួយរូបដែលកំពុងបោះជំហានក្នុងវិស័យសិល្បៈ ទោះជាពេលនេះនាងមិនទាន់មានឈ្មោះល្បីល្បាញ នឹងខំប្រឹងពង្រឹងហ្វឹតហាត់ ពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀតដើម្បីក្លាយទៅជាតារាសម្តែងអាជីពនិងគេ ៕