សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សន និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន កិច្ចមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។
អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចនេះ រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់ពីព្រឹទ្ធសភា រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល។
ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏មានជំនួបដោយឡែកពីគ្នាផងដែរជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន និង ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ។
ខណៈឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន កំពុងឈានដល់ទីបញ្ចប់ ដំណើរទស្សនកិច្ចជាលើកទីមួយរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធានព្រឹទ្ធសភា នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹង ចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀតនូវការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានកំរិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី។