សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)ការបញ្ចប់ជម្លោះដីធ្លីជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត។
ក្នុងន័យនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់ថារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហេីយប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ អាចស្នើសុំ មករាជរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្រេចអភិវឌ្ឍបន្ថែមតាមសំណើរបស់ប្រជាពលរដ្ឋ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង, កសាងផ្លូវតភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំងសម្រេចផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ចំនួន១១នាក់ផងដែរ៕
អត្ថបទ៖ ពុទ្ធិកា