ព្រះមហាក្សត្រ យាងមកដល់​មាតុប្រទេស​វិញ បន្ទាប់ពីប​ញ្ចប់ព្រះរាជទស្សន​កិច្ចផ្លូវរដ្ឋ​នៅប្រទេស​វៀតណាម

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

អញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលផងដែរ។

ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់ព្រះអង្គ នៅប្រទេសវៀតណាម ធ្វើឡើងតបតាមការយាងរបស់ឯកឧត្តម លឿង គឿង ប្រធានាធិបតីវៀតណាម។

ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀត​ណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល​ស្របទៅនឹងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ​បត្តិ​ការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែងរវាងប្រទេសទាំងពីរ។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេស​វៀត​ណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុង​ទំនាក់ទំនងដ៏យូរ​អង្វែង​របស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែម​ទៀត នូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល​ប្រយោជន៍​រវាងប្រទេសទាំងពីរ៕