សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ រួមមាន៖ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស, ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។ នៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។
លោក បានបន្តថា តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា ធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក ហើយរាជរដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីជួយគាំទ្រ និងបង្កភាពងាយស្រួលដល់ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុននានា ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ ពុទ្ធិកា