ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារ​ជាតិ ដើរតួនាទីសំខាន់​លើ​ការបណ្តុះ​បណ្តាលធនធាន​មនុស្សបម្រើក្នុងវិស័យការពារជាតិ

សាកលវិទ្យាល័យការពារជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ បណ្តាលធនធាន មនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ ២០១៨ ដល់២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០ វគ្គ និងមានសិក្ខាកាម​ប្រមាណជាង ៤,០០០នាក់ ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ អគារ​​បដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យ​ការពារ​ជាតិ កាលពីថ្ងៃទី២៦ ខែមេសា ឯកឧត្តម​នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាន​វាយ​តម្លៃ​ខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនជាលំដាប់របស់សាកលវិទ្យាល័យ​ការពារជាតិ ដែលជា​គ្រឹះ​ស្ថាន​​អប់រំផ្នែកយោធាកម្រិតឧត្តមសិក្សាឈានមុខមួយ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា សាកលវិទ្យាល័យការពារជាតិ មានចំនួនសិក្ខាកាម បានកើនឡើង​លើសសន្ទស្សន៍​ផែនការពីមួយឆ្នាំទៅមួយឆ្នាំ ដោយ​សារការ​ចង់ចេះ​ចង់ដឹងរបស់យោធិន​ក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាសនៃ​សន្តិភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តកំណែទម្រង់​ការងារ​បណ្តុះបណ្តាល ហ្វឹក​ហ្វឺន និងបំប៉ននាយទាហាន ក្នុងវិស័យការពារជាតិ ផ្តោតជាសំខាន់ លើវិទ្យាសាស្ត្រយោធា ទាំងយុទ្ធនាការ យុទ្ធសាស្ត្រ និងយុទ្ធវិធី ដែលមានអត្ថន័យសំខាន់ បន្ថែមលើវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសា៕

អត្ថបទ៖ សន សីហា