ឯកឧត្តម ស សុខា លើកចិត្តក្មេងស្រីដែលចាញ់បោកមេខ្យល់យកទៅប្រទេសចិន

ក្មេង​ស្រី​ដែល​ចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​ប្រទេស​ចិន បាន​វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​ហើយ ក្រោម​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​កាលពី​ពេល​កន្លងទៅ។

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានជួប​ក្មេង​ស្រី​ដែល​ត្រូវ​បាន​មេខ្យល់​បោក​យក​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

តាមរយៈបណ្តាញសង្គម ឯកឧត្តម ស សុខា បានសរសេរថា៖ «ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលប្អូនស្រី! ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល ទី១. នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និងទី២. កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលលឺព័ត៌មានថា ប្អូន បានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន។

ទីបំផុត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ តាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត»។

ជាមួយគ្នានេះ ឯកឧត្តម ថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថកិច្ចចិន ហើយក៏សូមអរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏សូមអរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការ រតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ៕