ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។
នេះដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសសាជាថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សកិច្ចតបតាមការអញ្ជើញរបស់ភាគីចិន ប្រមុខការទូតកម្ពុជា នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ និងក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការនិងអន្តរជាតិជាថ្មី ជំនួសឯកឧត្តម សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី។
ក្នុងវ័យ៧០ឆ្នាំ ឯកឧត្តម ប្រាក់ សុខុន គឺជា អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មី ឯកឧត្តម ប្រាក់ សុខុន ក៏ត្រូវបានប្តូរចេញពីក្រសួងការបរទេស ហើយទទួលបានតំណែងជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា។
បន្ទាប់ពីចាកចេញពីក្រសួងការបរទេសកម្ពុជារយៈពេលជាង ១ឆ្នាំ ឯកឧត្តម ប្រាក់ សុខុន ទទួលបានការទុកចិត្តពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទទួលការគាំទ្រពីសមាជិករដ្ឋសភាទាំងមូល ឱ្យចូលមកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាសាជាថ្មី៕
អត្ថបទ៖ អក្ខរា