CDC ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើទំនើបកម្មនីតិវិធីវិនិយោគ ដោយដា​ក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ​នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ប្រព័ន្ធនេះមានគោល​បំណងសម្រួលនិតិ​វិធីវិនិយោគជាឌីជីថល ធ្វើឱ្យកាន់តែងាយស្រួល​សម្រាប់អាជីវកម្មក្នុង​ការ​វិនិយោគនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា ប្រព័ន្ធ​គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា The CDC Investment Project Management System (cdcIPM) គឺជាប្រព័ន្ធ​បច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញ​បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ការដាក់ពាក្យ និងការទទួល​បានវិញ្ញាបនបត្រចុះបញ្ជីគម្រោង គឺសុទ្ធ​សឹងតែធ្វើឡើងជាទម្រង់​ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗខាងមុខ ប្រព័ន្ធនេះក៏នឹង​ឈានទៅដល់​ការតភ្ជាប់​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ ។ ប្រព័ន្ធនេះ ជាសមិទ្ធផលសំខាន់មួយរបស់រដ្ឋាភិបាលក្នុងការកែទម្រង់ និងលើកកម្ពស់​បរិយាកាស​វិនិយោគក្នុងប្រទេស។

សូមជម្រាបថា រយៈពេល១០ខែនៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ ដែលមាន​ទុន​សរុបចំនួន ៥.៥ ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។គម្រោងវិនិយោគ​ភាគច្រើនផ្តោតលើឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិកម្ម និងទេសចរណ៍ ។ប្រភពសំខាន់នៃការ​វិនិយោគមានមកពី​ប្រទេសចិន បន្ទាប់មកគឺការវិនិយោគក្នុងស្រុក។

គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី និងតំបន់ចំនួន ៤ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។កិច្ចព្រមព្រៀងទាំងនេះ​បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគ ៕