ដល់នាទីចុងក្រោយហើយ! ដេត ស្រីនាថ បែរជាប្រកាសមិនចូល​រួម​ប្រកួត Miss Planet International 2024

នៅសល់តែប៉ុន្មានម៉ោងទៀតដល់ម៉ោងប្រកួតវគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាភពផែនដីអន្តរជាតិ ឬ Miss Planet International 2024 ហើយនៅសាលមហោស្រពកោះពេជ្រ ដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ដេត ស្រីនាថ ដែលជាបេក្ខភាពតំណាង កម្ពុជា បែរជាប្រកាសក្តែងៗ សុំធ្វើពិហការ មិនចូលរួមប្រកួតទៅវិញ ។ រឿងនេះកំពុងធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យបវរកញ្ញា ។

មុននេះបន្តិចកញ្ញា ដេត ស្រីនាថ បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា « ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាថ ជា​បវរកញ្ញា​ភព​ផែន​ដី​ប្រចាំប្រទេសកម្ពុជា​ Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិការ មិនចូលរួមប្រគួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅ​ថ្ងៃ​ទី​ 27 ខែ​ វិច្ឆិកា​ ឆ្នាំ​ 2024 នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែ គាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ នាងខ្ញុំសូម​គោរព​អរគុណប្រជាជនកម្ពុជា » ។

ចំពោះរឿងនេះលោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ថា ដល់នាទីនេះហើយ កម្មវិធីប្រកួតនៅតែបន្តទៅមុខ បើទោះបីជាគាត់ (កញ្ញា ដេត ស្រីនាថ ) ដកខ្លួនចេញពីការប្រកួត លោកស្រីមិនខ្វល់ឡើយ ហើយក៏មិនមានបញ្ហាអ្វីប៉ះពាល់កម្មវិធីដែរ ពីព្រោះយើងមានបេក្ខភាពបវរកញ្ញាមកពីជុំវិញពិភពលោកជិត ៧០ ប្រទេសចូលរួមប្រកួត ។ ពេលនេះយើងកំពុងតែរកលំដាប់រងទី១ Miss Planet Cambodia មកជំនួស ។

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញ កញ្ញា ដេត ស្រីនាថ តំណាង កម្ពុជា បែរជាសុំធ្វើពិហការ មិនចូលរួមប្រកួតក្នុងកម្មវិធីធំបែបនេះ ។ មានព័ត៌មានថា កញ្ញា ដេត ស្រីនាថ សុំដកខ្លួនពីការប្រកួតនេះ ដោយសារតែមានបញ្ហាមួយចំនួន ជាពិសេសរឿងមិនទទួលបានតំណែងសំខាន់ណាមួយពីការប្រកួតនេះ ៕