សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

លោក តាន់ស្រ៊ី​មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) បានប្រគល់ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ជូនសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

លោកប្រធានវិទ្យាស្ថាន KSI បានជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកប្រធានវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត។

សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់​កាល​ទី​១​ ដេីម្បី​កំណើន​ ការងារ សមធម៌ប្រសិទ្ធភាព​ និងចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះក្នុងការបង្កេីតការងារ​ ដេីម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសេីរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលេីកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា៕