ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកការ​ង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺមាន​សារៈសំខាន់ ក្នុងការ​ជំរុញ​សន្ទុះកំណើន​សេដ្ឋ​កិច្ច

សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។

នៅក្នុងពិធីបើកទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។

ឯកឧត្តម បានលើកឡើងថា ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ក៏បានលើកឡើងថា ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។

អត្ថបទ៖ ពុទ្ធិកា