ធ្លាប់បោះបង់ចោលក្តីស្រមៃធំៗអស់ពេលជាច្រើនដង ទីបំផុត នាថការីរបាំ សុខគា គីមលាង ហៅ កូនអាន សម្រេចចិត្តនឹងដណ្តើមមកុដ Miss Universe Cambodia 2025 ដើម្បីឡើងទៅឆាកអន្តរជាតិ បន្ទាប់ពីអ្នកនាង ប្រាសាទ ដាវីន ដែលបានបើកផ្លូវដល់ កម្ពុជា ក្រោយបានចូលទៅដល់ Top 30 ក្នុងការប្រកួត Miss Universe 2024 ។
កាលពីប៉ុន្មានឆ្នាំមុននាថការីរបាំ សុគា គីមលាង ធ្លាប់បានបដិសេដមិនចូលរួមប្រកួតបវរកញ្ញាច្រើនកម្មវិធីមកហើយ បើទោះបីជាកាលណោះ គេធ្លាប់សន្យាឱ្យនាងចេញទៅប្រកួតលើឆាកអន្តរជាតិក្តី ក៏នាងមិនចាប់អារម្មណ៍ដែរ ផ្ទុយទៅវិញនាងនៅតែបន្តអាជីពជានាថការីរបាំបុរាណយ៉ាងសាមញ្ញបំផុត ។
នៅក្នុងឆ្នាំ ២០២៤ នេះ កញ្ញា កូនអាន ចាប់ផ្តើមផ្លាស់ប្តូរចរិត ដោយនាងបានចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈឱ្យល្បីល្បាញ ទទួលការងារតូចធំទាំងអស់ មិនថាការងារថតស្ពត ថតសំអាង ឬថតភាពយន្ត ចុងក្រោយនេះនាងសម្រេចចិត្ត នឹងចូលរួមប្រកួត Miss Universe Cambodia 2025 ផងដែរ ។
ចំពោះដំណឹងកញ្ញា កូនអាន នឹងចូលរួមប្រកួត Miss Universe ២០២៥ខាងមុខនេះ កំពុងធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ក៏សាទរចំពោះការប្តេជ្ញាចិត្តរបស់នាងផងដែរ ។
កញ្ញា កូនអាន ថែមទាំងបានបញ្ជាក់ប្រាប់នៅពេលដែលទៅទទួលអ្នកនាង ប្រាសាទ ដាវីន ត្រឡប់មកពីប្រកួតនៅលើឆាកអន្តរជាតិវិញថា នាងនឹងចូលរួបប្រកួត Miss Universe 2025 ដើម្បីធ្វើឱ្យពិភពលោកកាន់តែស្គាល់ច្បាស់ពី កម្ពុជា ។
ឆ្នាំនេះកញ្ញា កូនអាន មានសមិទ្ធិផលធំៗជាច្រើន ជាក់ស្តែងនាងទើបតែថតបញ្ចប់ភាពយន្តខ្នាតធំមួយ ដោយភាពយន្តនោះត្រៀមនឹងយកទៅចូលប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តនៅក្រៅប្រទេសផងដែរ ។ ឆ្នាំ ២០២៥ កូនអាន នឹងបង្ហាញសមិទ្ធិផលផ្សេងៗទៀតដែលមិនធ្លាប់មាន ដើម្បីវាយលុយទីផ្សារសិល្បៈ ៕