ស្ថាប័នពិភពលោក Guinness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រទេសកម្ពុជាជាផ្លូវការ។
ពិធីប្រគល់ទទួលវិញ្ញាបនបត្រដ៏មហាកិត្តិយសនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប។
សូមជម្រាបថា ឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងឱកាសព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដែលកាលណោះគឺមានការចតរថយន្ត SUPER CARS / HYPER CARS សរុបចំនួន១៧៩គ្រឿង ដែលជាកំណត់ត្រាច្រើនជាងគេលើពិភពលោក៕