សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមានពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ណាស់ដែលត្រូវការពារ។ មុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ សម្តេចតេជោបានថ្លែងថា កម្ពុជាឈឺចាប់គ្រប់គ្រាន់​ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការ​យោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចតែងប្រាប់ទៅសហការីសម្តេចថា មានតែពលរដ្ឋកម្ពុជាស្គាល់កម្ពុជាច្បាស់ គ្មាននរណាស្គាល់កម្ពុជា ច្បាប់ជាងពលរដ្ឋកម្ពុជានោះឡើយ។ ដូច្នេះត្រូវតែការពារឱ្យបានដាច់ខាតនូវផលប្រយោជន៍របស់កម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីការនិយាយលេងរបស់សម្តេចជាមួយប្រតិភូ ICAPP ថា បើទោះបីស្លាប់ដល់ទីកន្លែងណាក៏ដោយ បើសិនជាអ្នកដឹកនាំជំនាន់ថ្មីបណ្តែតបណ្តោយឱ្យបាត់បង់សន្តិភាព សម្តេចនឹងមករករឿង ព្រោះការរកសុខសន្តិភាពលំបាកណាស់ តែការបំផ្លាញសន្តិភាពគឺងាយស្រួល៕