សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងមេដឹកនាំឆ្នើម ៣រូបទៀត ទទួលបាន «ពានរង្វាន់សតវត្សអាស៊ី ICAPP»

យោងទៅលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខ វិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ “ពានរង្វាន់សតវត្សអាស៊ី ICAPP” ជូនដល់ថ្នាក់ដឹកនាំឆ្នើម របស់ ICAPP៖ ១) សម្តេចតេជោ ហ៊ុន សែន ២) ឯកឧត្តម José de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ៣) សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៤) ឯកឧត្តម Chung Eui-yong ៥) ឯកឧត្តម Mushahid Hussain Sayed។

ពានរង្វាន់ដ៏មានកិត្យានុភាព គឺជាសក្ខីភាពមួយសម្រាប់ការទទួលស្គាល់ និងការគោរពចំពោះការចូល រួមចំណែកដ៏ធំធេងរបស់ថ្នាក់ដឹកនាំឆ្នើម ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែក នយោបាយ ក្នុងចំណោមសមាជិកជាគណបក្សនយោបាយ និងដៃគូរបស់ ICAPP មកពីជុំវិញពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជន។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា នៅ ថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយលេខាធិការដ្ឋាន សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) បានរៀបចំមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងតំណាងពីគណបក្សនយោបាយ ចំនួន ៦២ នៃ ៤៥ប្រទេស មកពីតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន ការ៉ាប៊ីន នៅតំបន់ផ្សេងៗ ទូទាំងពិភពលោក។

មហាសន្និបាត ICAPP លើកទី១២ បានសម្រេចថា មហាសន្និបាតលើកទី១៣ នឹងប្រារព្ធធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៦ខាងមុខ ហើយបានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា និងលេខាធិការដ្ឋាន ICAPPសម្រាប់ការរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ៕