សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ង ធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ការគូសបញ្ជាក់របស់សម្តេចតេជោ ដូចនេះ បានធ្វើឡើងនៅក្នុងពិធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។
សម្ដេចតេជោ ហ៊ុន សែន រម្លឹកថា សម្តេចចង់ចាំមិនភ្លេចប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុស ជាលើកទីបីមកលើកម្ពុជា។ លើកទី១ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទី២ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។
សម្ដេចតេជោ បានបន្តទៀតថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលត្រូវថែរក្សា៕
អត្ថបទ៖ ពុទ្ធិកា